(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យ «រំលាយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

ការអំពាវនាវខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ជាមួយការអះអាងជាថ្មីថាលោកជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោក ត្រាំ បានគូសបញ្ជាក់ ដូច្នេះថា «ការលួចបន្លំដ៏សម្បើមនេះអនុញ្ញាតសម្រាប់ការរំលាយនូវរាល់ច្បាប់ បទបញ្ញត្តិ និងមាត្រាទាំងឡាយដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ... ស្ថាបនិក របស់យើងមិនចង់ ហើយក៏នឹងមិនអត់ឱនឱ្យការបោកប្រាស់ និងលួចបន្លំការបោះឆ្នោតនោះទេ»

ជុំវិញការកត់សម្គាល់នេះដែរ ខាងសេតវិមានរបស់លោក ចូ បៃដិន តាមរយៈអ្នកនាំពាក្យ លោក Andrew Bates បានចេញមុខថ្កោលទោសយ៉ាងខ្លាំង។ លោក Andrew Bates បានសង្កត់ធ្ងន់ថារដ្ឋធម្មនុញ្ញអាមេរិក គឺជាឯកសារដ៏ពិសិដ្ឋមិនអាចបំពានបាន ដែលបង្រួបង្រួមប្រជាជនអាមេរិក ហើយថា ការវាយប្រហារលើរដ្ឋធម្មនុញ្ញ គួរតែត្រូវបានថ្កោលទោសជាសកល៕