(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រហារជីវិតមនុស្ស៤នាក់​ ដែលត្រូវបានកាត់ទោសពីបទចូលដៃសហការ ជាមួយទីភ្នាក់ងារចារកម្ម ម៉ូស្សាដ (Mossad) របស់ប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសដំណឹងប្រហារជីវិតខាងលើធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា តុលាការកំពូលអ៉ីរ៉ង់បានសម្រេចតម្កល់ទោសប្រហារជីវិតដដែល សម្រាប់បុរស៤នាក់ ក្រោមបទឧក្រិដ្ឋសហការជាមួយ បណ្តាញចារកម្មរបស់អ៉ីស្រាអែល។ អ្នកទោសទាំងនេះ ត្រូវបានឃាត់ខ្លួនតាំងតែពីខែមិថុនាមកម្ល៉េះ ពោលគឺមុនចលនាបាតុកម្មពាសពេញប្រទេសអ៉ីរ៉ង់នាពេលបច្ចុប្បន្ន ផ្ទុះឡើង។

គួរបញ្ជាក់ថា សាធារណរដ្ឋអ៉ីស្លាមមួយនេះ បានចោទប្រកាន់ជាយូរណាស់មកហើយ អ៉ីស្រាអែលដែលជាសត្រូវកំពូលរប្រចាំតំបន់ បានធ្វើប្រតិបត្តិការស៉ើបការណ៍សម្ងាត់នៅក្នុងទឹកដីខ្លួន។ ដោយឡែកកាលពីពេលថ្មីៗនេះ ទីក្រុងតេហេរ៉ង់បានចោទបណ្តាញចារម្មរបស់​អ៉ីស្រាអែល រួមទាំងលោកខាងលិច អំពីការបំផុសបំផុលឱ្យមានផ្ទុះសង្រ្គាមស៉ីវិល នៅក្នុងប្រទេសអ៉ីរ៉ង់ ដែលកំពុងបន្តញាំញីដោយចលនា​បាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្មានខែមកហើយ៕