(សេអ៊ូល)៖ អតីតទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ស៊ូ ហ៊ូន (Suh Hoon) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជុំវិញករណីមួយកាលពីឆ្នាំ២០២០ នៅពេលមន្រ្តីជលផលកូរ៉េខាងត្បូងម្នាក់ ត្រូវបានសម្លាប់នៅឯសមុទ្រដោយកងទ័ពកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។
ករណីឃាតកម្មខាងលើបានបង្កឱ្យមានភាពចម្រូងចម្រាស នៅពេលដែលគ្រួសាររបស់មន្រ្តីជលផលរូបនោះ គឺលោក លី ដេជុន (Lee Dae Jun) បានចេញមុខប្រកែកតវ៉ាចំពោះ ការអះអាង របស់រដ្ឋបាលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន ដែលថាតាមពិត លោក លី បានព្យាយាមរត់ចោលស្រុកទៅកាន់កូរ៉េខាងជើង ដោយសារតែបំណុលល្បែង បូករួមជាមួយបញ្ហាផ្លូវចិត្ត ហើយនិងការរស់នៅដោយមិនសប្បាយចិត្ត។
ដោយឡែក រដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នគឺលោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចសាជាថ្មីថា ពុំមានភស្តុតាងអំពីការប៉ុនប៉ងរត់ចោលស្រុកដោយលោក លី ដេជុន ឡើយ។ មិនតែប៉ុណ្ណោះ ក្រុមរដ្ឋអាជ្ញាក៏បានបើកការស៉ើបអង្កេតផ្លូវការទៅលើ ករណីបាត់បង់ជីវិតរបស់លោក លី ផងដែរ ព្រមទាំងទៅលើករណីមួយទៀតកាលពីឆ្នាំ២០១៩ ដែលអ្នកនេសាទជនជាតិកូរ៉េខាងជើង២នាក់ ត្រូវបានបណ្តេញទៅកាន់ប្រទេសកំណើតវិញ ដោយប្រឆាំងនឹងឆន្ទៈពួកគេថែមទៀតផង។
គួរបញ្ជាក់ថា លោក ស៊ូ ហ៊ូន ដែលធ្លាប់កាន់តំណែងជា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន ចេអ៉ីន ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថា រូបលោកបានបញ្ជាឱ្យលុបចោល របាយការណ៍ចារកម្ម ដើម្បីបិទបាំងករណីឃាតកម្មរបស់មន្រ្តីជលផលលោក លី ដេជុន ហើយបានប្រឌិតភស្តុតាង ដើម្បីគាំទ្រដល់អំណះអំណាងរបស់លោក ដែលថាលោក លី ព្យាយាមរត់ចោលស្រុកទៅកូរ៉េខាងជើង៕