(ហ្សាការតា)៖ ភ្នំភ្លើងឈ្មោះថា សេមេរូ (Semeru) នៅឯប្រទេសឥណ្ឌូណេស៉ី បានផ្ទុះនៅថ្ងៃអាទិត្យនេះ ដោយជះផ្សែងនិងកម្ទេចផេះកម្ពស់ ១.៥គីឡូម៉ែត្រឡើងទៅលើផ្ទៃអាកាស ហើយជំរុញឱ្យអាជ្ញាធរចេញសារព្រមានដល់ប្រជាជន ឱ្យស្ថិតនៅឱ្យឆ្ងាយពីតំបន់ភ្នំភ្លើងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី BNPB បានឱ្យដឹងថា ភ្នំភ្លើង Semeru បានចាប់ផ្តើមផ្ទុះកាលពីវេលាម៉ោង ២៖៤៦នាទីយប់រំលងអធ្រាត្រ ហើយបានព្រមានប្រជាជនកុំឱ្យធ្វើសកម្មភាពអ្វីទាំងអស់ នៅក្នុងរយៈចម្ងាយ៥គីឡូម៉ែត្រជុំវិញមាត់ភ្នំភ្លើង និងរក្សាគម្លាតយ៉ាងហោច៥០០ម៉ែត្រពីតំបន់ច្រាំងទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែរភ្នំភ្លើង។ យ៉ាងណាក្តី បើតាមទីភ្នាក់ងារ BNPB ស្ថានភាពនៃភ្នំភ្លើង Semeru គឺបន្តស្ថិតនៅកម្រិតលេខ៣ដដែល ខណៈកម្រិតខ្ពស់បំផុតគឺកម្រិតលេខ៤។
គួរបញ្ជាក់ថា ដោយមានភ្នំភ្លើងសរុបចំនួន១៤២ ឥណ្ឌូណេស៉ីជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះ ដែលរស់នៅក្នុងរយៈចម្ងាយក្បែរភ្នំភ្លើង ក្នុងនោះ៨.៦លាននាក់ស្ថិតក្នុងគម្លាត១០គីឡូម៉ែត្រ៕