(ប៉េកាំង)៖ ថ្ងៃទី២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនៈកិច្ច នៅអាមេរិករយៈពេល៣ ថ្ងៃ។ ដំណើរទស្សនៈកិច្ចនៅអាមេរិករបស់លោក Macron ដែលប៉ិនប្រសប់ធ្វើការផ្សះផ្សារនិងកិច្ចសម្របសម្រួល គឺក្នុងគោលបំណងធ្វើឱ្យ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» របស់អាមេរិកអាចលើកលែងសហគ្រាសអឺរ៉ុប។ ប៉ុន្តែ ទីបំផុត លោកបានត្រឡប់ទៅបារាំង វិញដោយបរាជ័យ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបមានភាពកាន់តែប្រេះស្រាំ។

ដើម្បីទទួលភ្ញៀវបារាំងដែលជាសម័្ពន្ធមិត្ត «ចាស់ជាងគេ» អាមេរិកបានរៀបចំបដិសណ្ឋារកិច្ចចំពោះលោក Macron និងភរិយារបស់លោក នៅវិមាន Blair ដែលជាសណ្ឋាគារដ៏ល្អប្រណីតជាងសេតវិមាន ហើយក៏បានរៀបចំកម្មវិធីដ៏សម្បូរបែបលើវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើម ប៉ុន្តែពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិកប៉ុនណា ក៏មិនអាចលាក់បាំងពីភាពប្រេះស្រាំ រវាងភាគីទាំងពីរនោះឡើយ។

សូមបញ្ជាក់ថា ខែសីហាឆ្នាំនេះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ «សេចក្តីព្រាងច្បាប់ស្តីពី ការកាត់បន្ថយអតិផរណា» ដោយដាក់ចេញវិធានការរំញោចសេដ្ឋកិច្ចជាច្រើន ក្នុងនោះបូករួមទាំងផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនសម្បើម ដើម្បីជំរុញការផលិតនិងប្រើប្រាស់ក្នុងស្រុកអាមេរិក នូវរថយន្តដើរដោយថាមពលអគ្គិសនី និងបច្ចេកទេសបៃតងផ្សេងទៀត។ ប្រការនេះធ្វើឱ្យប្រទេសអឺរ៉ុបមិនពេញចិត្តយ៉ាងខ្លាំង។ ពួកគេសម្គាល់ឃើញថា សេចក្តីព្រាងច្បាប់នេះបូករួមទាំងគោលនយោបាយ ការពារនិយមខាងពាណិជ្ជកម្ម ដែលបានល្មើសនឹងក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងបណ្តាលឱ្យផលិតកម្មរបស់ ឧស្សាហកម្មអឺរ៉ុប ថមថយចុះ ក៏ដូចជាបង្ខំឱ្យសហគ្រាសអឺរ៉ុបផ្ទេរខ្សែសង្វាក់ផលិតកម្មទៅកាន់អាមេរិក។

ដើម្បីការពារផលប្រយោជន៍របស់អឺរ៉ុប ប៉ុន្មានថ្ងៃមុននឹងធ្វើដំណើរទស្សនៈកិច្ច លោក Macron បានរៀបចំពិធីបដិសណ្ឋារកិច្ចនៅវិមាន Elysee ចំពោះសហគ្រិនអឺរ៉ុបជាច្រើន ក្នុងន័យនិយាយបញ្ចុះបញ្ចូលឱ្យពួកគេរក្សាទុក ខ្សែសង្វាក់ផលិតកម្មនៅអឺរ៉ុប។ នៅថ្ងៃដំបូងដែលលោកធ្វើដំណើរទៅដល់អាមេរិក លោក Macron ក៏បានចាប់ផ្តើមធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដោយបានរិះគន់ថា «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» មាន «លក្ខណៈវាយប្រហារយ៉ាងខ្លាំង» ទៅលើសហគ្រាសអឺរ៉ុប។ ប៉ុន្តែប្រឈមនឹងការទាមទាររបស់លោក Macron លោក បៃដិនប្រធានាធិបតីអាមេរិក បែរជាប្រកាសថា អាមេរិកមិនបាច់សូមទោសចំពោះ អឺរ៉ុបទេ តែអាចធ្វើ «កិច្ចសម្របសម្រួលខ្លះ» ប៉ុន្តែ លោកមិនបានបញ្ជាក់ពីវិធានការជាក់ស្តែងនោះទេ។

រដ្ឋាភិបាលរបស់លោក បៃដិន បានចំណាយប្រាក់ ៥សែនដុល្លារអាមេរិកក្នុងការរៀបចំពិធីជប់លៀងរដ្ឋ ជាលើកដំបូងតាំងពីលោក បៃដិន ឡើងកាន់មុខតំណែងមក ដើម្បីទទួលលោក Macron គឺជាទង្វើលួងលោមចិត្តផង ហើយក៏ជាទង្វើអូសទាញផង។ ប៉ុន្តែ បើនិយាយចំពោះលោក Macron និងអ្នកដឹកនាំអឺរ៉ុបុផ្សេងទៀត គ្រឿងប្រាក់ដែលមានភ្លឹបភ្លែត និងទឹកមុខញញឹម មិនអាចបិទបាំងការពិតជាក់ស្តែងនោះទេ ពោលគឺ៖ អាមេរិកមិនដែលចាត់ទុកអឺរ៉ុបជាសម័្ពន្ធមិត្តពិតប្រាកដទេ គ្រាន់តែចាត់ទុកអឺរ៉ុបជាអ្នកទទួលទោសជំនួស និងឧបករណ៍មួយសម្រាប់រក្សាអនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ។

មុននឹងលោក Macron បំពេញទស្សនៈកិច្ចនៅអាមេរិក កាសែត «Politico» របស់អាមេរិកបានព្យាករណ៍ថា បើសិនជាអាមេរិកមិនអាចឈានដល់ គោលជំហរបន្ធូរបន្ថយជាមួយបារាំងអំពី ការខ្វែងគំនិតរវាងអាមេរិកនិងអឺរ៉ុប ស្តីពីប្រាក់ឧបត្ថម្ភពាណិជ្ជកម្ម នោះសង្រ្គាមពាណិជ្ជកម្មអន្តរមហាសមុទ្រអាត្លង់ទិក គឺមិនអាចចៀសវាងបានឡើយ។ ពីពិធីលៀងសាយភោជន៍នៅវិមាន Elysee ដល់ពិធីជប់លៀងរដ្ឋនៅសេតវិមាន អឺរ៉ុបបានមើលឃើញកាន់តែច្បាស់នូវចេតនារបស់អាមេរិក ហើយជំហានស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុប សូម្បីតែមួយភ្លែតក៏មិនអាចបញ្ឈប់ទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន