(បាងកក)៖ របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ដន្ទាទោសប្រហារជីវិតនិស្សិត ៧នាក់ នៅក្នុងសប្ដាហ៍នេះដែលនាំឱ្យចំនួនអ្នកដែលកំពុងរង់ចាំទទួលការ កាត់ទោសប្រហារជីវិតកើនដល់១៣៩នាក់។ នេះបើតាមអង្គការសហប្រជាជាតិ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។

អង្គការសហប្រជាជាតិ (UN) បានចោទប្រកាន់ថារបបយោធាមីយ៉ាន់ម៉ា កំពុងប្រើប្រាស់ការផ្ដន្ទាទោសប្រហារជីវិត ជាឧបករណ៍ដើម្បីបង្ក្រាបក្រុមអ្នកប្រឆាំង។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ លោក វ៉ុលឃឺ តួក (Volker Turk) ជាឧត្តមស្នងការ UN ទទួលបន្ទុកកិច្ចការសិទ្ធមនុស្សបានឱ្យដឹងថាយ៉ាងហោចនិស្សិត៧នាក់ ត្រូវាបាន ផ្ដន្ទាទោសប្រហារជីវិត ដោយតុលាការយោធាមីយ៉ាន់ម៉ា នៅក្នុងសវនាការបិទទ្វារមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោក វ៉ុលឃឺ បានបន្ថែមដូច្នេះថា «តាមរយៈ ការផ្ដន្ទាទោសប្រហារជីវិត ជាឧបករណ៍នយោបាយដើម្បីបង្រ្កាបក្រុមប្រឆាំង យោធាមីយ៉ាន់ម៉ាបានទទួលស្គាល់ថាខ្លួនកំពុងប្រមាថដល់កិច្ចប្រឹងប្រែងរបស់អាស៊ាន និងសហគមន៍អន្តរជាតិ សំដៅបិទបញ្ចប់អំពើហិង្សា ហើយបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសន្ទនានយោបាយដែលនាំមីយ៉ាន់ម៉ាចេញពីវិបត្តិសិទ្ធិមនុស្ស បង្កឡើងដោយ យោធា»

ប៉ុន្តែ អ្នកនាំពាក្យម្នាក់នៃរបបយោធាមីយ៉ាន់ម៉ា មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេនៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ា​ន់ម៉ា រាយការណ៍ថាក្រុមនិស្សិតខាងលើត្រូវបានចាប់ខ្លួន កាលពីខែមេសា ឆ្នាំ២០២២ ពីបទមានជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនៅធនាគារមួយកន្លែង។

មីយ៉ាន់ម៉ា បានធ្លាប់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានបណ្ដេញចេញពីអំណាចដោយការធ្វើ រដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបិទបញ្ចប់ប្រជាធិបតេយ្យអន្តរកាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕