(ស៊ីដនី)៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា សមាជិកអូស្ត្រាលីមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ទៅកាន់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការរក្សាសន្តិភាព នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។
បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ក្រុមសមាជិកសភាអូស្ត្រាលី ក្នុងនោះមានទាំងមកពីគណបក្សកាន់អំណាចគឺបក្សពលករ និងគណបក្សប្រឆាំង នឹងក្លាយជាប្រតិភូ ដំបូងបំផុត ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដោយមានសមាសភាពមកពីគណបក្សកាន់អំណាច និងបក្សប្រឆាំង ចាប់តាំងពីឆ្នាំ២០១៩មក។ ក្រុមសមាជិកសភា អូស្ត្រាលី នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) និងរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសែព វូ (Joseph Wu) ខណៈសន្តិសុខ ពាណិជ្ជកម្ម និងកសិកម្មជាដើមត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈសំខាន់។
ក៏ប៉ុន្តែ ភ្លាមៗខាងក្រសួងការបរទេសអូស្ត្រាលី មិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ខាងលើឡើយ ហើយគម្រោងនៃដំណើរទស្សនកិច្ច នេះទៀតសោតត្រូវបានរាយការណ៍ ក្រោយគណបក្សកាន់អំណាចប្រកាសពីបំណងស្ដារទំនាកទំនងជាមួយចិនឡើងវិញ៕