(ឡាអេ)៖ និយតករឱសថរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំបំបាត់ការក្អកដែលមានផ្ទុកសារធាតុគីមី pholcodine គួរតែត្រូវបានហាមឃាត់ដោយសារតែហានិភ័យ នៃប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ ចំពោះមនុស្សដែលស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ទូទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ថា ការព្យាបាលជាមួយសារធាតុ pholcodine ដែលត្រូវបានប្រើចំពោះមនុស្សពេញវ័យ និងកុមារ ដើម្បីព្យាបាលការក្អកស្ងួត គួរតែត្រូវបានដកចេញពីការលក់ក្នុងទីផ្សារ។

និយតករបាននិយាយថា «ការប្រើប្រាស់ថ្នាំ Polcodine ក្នុងរយៈពេល១២ ខែមុនពេលការប្រើថ្នាំសន្លប់ទូទៅ ... គឺជាកត្តាហានិភ័យសម្រាប់ការវិវត្ត នៃប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)»។

របាយការណ៍បានសង្កត់ធ្ងន់ថា « ប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)» គឺជា ប្រតិកម្មអាលែហ្សីភ្លាមៗ ធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត»៕