(ប៉េកាំង)៖ ថ្ងៃទី១ ខែធ្នូ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការ និងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំគោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការនិងគ្រប់គ្រងដ៏ល្អប្រសើរ និងរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។

តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានថ្លែងថា គោលនយោបាយបង្ការនិងគ្រប់គ្រង ការរាលដាលនៃជំងឺរាតត្បាតរបស់ប្រទេសចិន បានជះឥទ្ធិពលអវិជ្ជមានដល់ អនាគតសេដ្ឋកិច្ចពិភពលោក។ នៅពេលឆ្លើយតបនឹង ពាក្យសំដីពាក់ព័ន្ធរបស់លោកស្រី Yellen លោក Zhao Lijian បានឆ្លើយតបដូចពោលខាងលើ។

លោក Zhao Lijian បានចង្អុលបង្ហាញថា ពាក្យសំដីពាក់ព័ន្ធរបស់មន្ត្រីអាមេរិក គ្មានមូលហេតុនិងភស្តុតាងការពិតទាល់តែសោះ។ ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងមក ប្រទេសចិនបានសម្របសម្រួល ដោយវិទ្យាសាស្រ្តនូវការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាស្ថិរភាពនិងភាពរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន