(វ៉ាស៉ីនតោន)៖ យោធាអាមេរិកនាថ្ងៃសុក្រនេះ (ពេលវេលាក្នុងតំបន់) នឹងបង្ហាញខ្លួន យន្តហោះទម្លាក់ទម្លាក់គ្រាប់បែកស៊េរីថ្មី B-21 Raider ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរនិងអាវុធធម្មតា ព្រមទាំងត្រូវបានរចនាឡើងរួមជាមួយនូវ លទ្ធភាពដែលអាចអនុញ្ញាតឱ្យវា ធ្វើប្រតិបត្តិការដោយមិនតម្រូវឱ្យមាន ពីឡុតជិះបញ្ជានៅក្នុងនោះផ្ទាល់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ​ ទី២ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បានប្រាប់ AFP ដូច្នេះថា «B-21 នឹងជាឆ្អឹងខ្នងនៃកងយន្តហោះទម្លាក់គ្រាប់បែករបស់យើង នាពេលអនាគត។ យន្តហោះនេះនឹងមានសមត្ថភាពទម្លុះចូលក្នុង តំបន់ដែលមានបរិស្ថានគំរាមកំហែងខ្លាំងបំផុត ហើយនឹងធ្វើឱ្យ​គោលដៅនានានៅជុំវិញពិភពលោក ស្ថិតក្រោមហានិភ័យបាន»

យន្តហោះ B-21 ដែលកំពុងឆ្ពោះទៅមានតម្លៃកើនជិតដល់ ៧០០លានដុល្លារក្នុង១គ្រឿង គឺជាយន្តហោះទម្លាក់គ្រាប់បែកថ្មីដំបូងគេ របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ វានឹងត្រូវយកទៅប្រើប្រាស់ ជំនួសយន្តហោះទម្លាក់គ្រាប់បែក B-1 និង B-2 ដែលបានហោះហើរ តាំងតែពីកំលុងសម័យសង្រ្គាមត្រជាក់មកម្ល៉េះ។

ការហោះហើរលើកដំបូងរបស់ B-21 ត្រូវរំពឹងថានឹងប្រព្រឹត្តទៅ នៅក្នុងឆ្នាំក្រោយ ហើយខាងកងទ័ពអាកាសអាមេរិក គ្រោងទិញយន្តហោះនេះ យ៉ាងហោច១០០គ្រឿង។ ក្រុមហ៊ុន ណ័សរ៉ូប គ្រូមមែន (Northrop Grumman) បានឱ្យដឹងថា B-21 ចំនួន៦គ្រឿង កំពុងស្ថិតក្នុងដំណាក់កាលដំឡើង និងធ្វើតេស្តផ្សេងៗគ្នានៅឯមូលដ្ឋានរបស់ខ្លួន ក្នុងទីក្រុងផាមឌែល (Palmdale) នៃរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលវានឹងត្រូវបង្ហាញខ្លួនជាសាធារណៈ នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា មុខងារជាក់លាក់ជាច្រើន របស់យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីនេះ គឺស្ថិតក្រោមការលាក់ការណ៍ ប៉ុន្តែវាត្រូវគេជឿថា មានភាពទំនើបខ្លាំងជាង យន្តហោះទម្លាក់គ្រាប់បែកអាមេរិកបច្ចុប្បន្ន ដូចជាលទ្ធភាពធ្វើប្រតិបត្តិការហោះហើរ ដោយមិនបាច់មានក្រុមពីឡុតជិះបញ្ជានៅក្នុងផ្ទាល់ជាដើម ប៉ុន្តែកងទ័ពអាកាសអាមេរិក បាននិយាយថា មិនទាន់មានការសម្រេចចិត្តឱ្យ​​ធ្វើប្រតិបត្តិការ B-21 ក្នុងលក្ខណៈយ៉ាងដូច្នោះនៅឡើយ។ ម៉្យាងវិញទៀត ដូចទៅនឹងយន្តហោះចម្បាំងអាមេរិក F-22 និង F-35 ដែរ គឺ B-21 នឹងមានបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយជំនាន់ចុងក្រោយ ឬហៅថា Stealth Technology ដែលធ្វើឱ្យសត្រូវពិបាកចាប់សញ្ញាយន្តហោះនេះ៕