(តូក្យូ)៖ បុរសជាឃាតកជនជាតិជប៉ុនម្នាក់​ ឈ្មោះ អ៉ីសី សាហ្កាវ៉ា (Issei Sagawa) ដែលបានសម្លាប់និងស៉ីសាច់នារីជានិស្សិត​ជានជាតិហូឡង់ម្នាក់ ហើយរួចខ្លួនពីការជាប់ពន្ធនាគារនោះ គឺទើបតែស្លាប់នៅអាយុ៧៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

ប្អូនប្រុសរបស់ សាហ្កាវ៉ា និងមិត្តភក្តិម្នាក់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា សាហ្កាវ៉ា បានស្លាប់ដោយសារជំងឺរំលាកសួត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយពិធីបុណ្យសពលក្ខណៈឯកជន ដែលមានការចូលរួមត្រឹមតែពីសំណាក់សាច់ញាតិប៉ុណ្ណោះ ត្រូវបានរៀបចំឡើង។

កាលពីឆ្នាំ១៩៨១ បុរសជនជាតិជប៉ុនខាងលើ គឺជានិស្សិតទទួលសិក្សានៅទីក្រុងប៉ារីសនៃប្រទេសបារាំង ហើយកំលុងពេលនោះ អ៉ីសី សាហ្កាវ៉ា បានអញ្ជើញនារីនិស្សិតហូឡង់ម្នាក់ឈ្មោះ រីនី ហាតអ៉ីវែល (Renee Hartevelt) ទៅផ្ទះរបស់ខ្លួន។ សាហ្កាវ៉ា បានបាញ់នារីម្នាក់នោះចំត្រូវកញ្ចឹងកស្លាប់ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចស៉ីសាច់នាងជាអាហារថែមទៀតផង ក្នុងរយៈពេលសរុប៣ថ្ងៃ។ ក្រោយមក សាហ្កាវ៉ា បានព្យាយាមយកសាកសពរបស់ ហាតអ៉ីវែល ទៅចោលនៅឧទ្យានមួយកន្លែង ប៉ុន្តែក៏ត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួន នៅទីនោះតែម្តង។

ក្រុមអ្នកជំនាញផ្នែកវិកលចរិត បានវាយតម្លៃថា សាហ្កាវ៉ា មិនសមនឹងឡើងសវនាការឡើយ ហើយពីដំបូងជននេះត្រូវបាន​ឃុំឃាំង នៅមន្ទីរព្យាបាលវិកលចរិត ក្នុងប្រទេសបារាំង ប៉ុន្តែក្រោយមកក៏ត្រូវបានបញ្ជូនមកកាន់ជប៉ុនវិញ។ ពេលទៅដល់ទីនោះ អាជ្ញាធរជប៉ុនបានវិនិច្ឆ័យថា សាហ្កាវ៉ា គឺមានសតិល្អធម្មតា ប៉ុន្តែការចោទប្រកាន់ទាំងអស់កាលពីនៅបារាំង ត្រូវបានទម្លាក់ចោល ជាហេតុធ្វើឱ្យ សាហ្កាវ៉ា អាចដើរហើរដោយសេរី គឺគ្មានជាប់ទោសអ្វីទាំងអស់។

ឃាតកម្នាក់នេះមិនបានព្យាយាមលាក់បាំង បទឧក្រិដ្ឋរបស់ខ្លួនសូម្បីតែបន្តិច ហើយថែមទាំងទាញយកផលប្រយោជន៍ពីវាទៀតផង រួមមានតាមរយៈការសរសេរជីវប្រវត្តិ ដែលក្នុងនោះ សាហ្កាវ៉ា បានរៀបរាប់យ៉ាងលម្អិតបំផុត អំពីសកម្មភាពឃាតកម្មរបស់ខ្លួនលើ នារីនិស្សិតហូឡង់នៅឯទីក្រុងប៉ារីស។

គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ រាល់កំលុងបទសម្ភាសន៍ផ្សេងៗ សាហ្កាវ៉ា តែងតែរំឭកអំពីហេតុការណ៍នៅបារាំង ហើយនិយាយដោយបើកចំហថា ខ្លួននៅតែមានអារម្មណ៍ងប់ងុល ចំពោះការស៉ីសាច់មនុស្សជាអាហារ៕