(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទើបតែប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើក្រុមមន្រ្តីកូរ៉េខាងជើង ដែលជាប់ពាក់ព័ន្ធនៅក្នុង កម្មវិធីមីស៉ីល-នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការធ្វើតេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM កាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ក្រុមមន្រ្តីកូរ៉េខាងជើងទាំងនោះ រួមមានឈ្មោះដូចជា ចុន អ៉ីលហូ (Jon Il Ho), យូ ជីន (Yu Jin) និងគីម ស៊ូហ្គីល (Kim Su Gil) ដែលសុទ្ធតែត្រូវបានសហភាពអឺរ៉ុប (EU) កំណត់គោលដៅដាក់ទណ្ឌកម្ម កាលពីខែមេសា ឆ្នាំនេះ។
ចំណែកក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសដាក់ទណ្ឌកម្មទៅលើ បុគ្គល៧នាក់ផ្សេងទៀត ដែលរួមមានទាំងជនជាតិសិង្ហបុរីម្នាក់ និងជនជាតិតៃវ៉ាន់ម្នាក់ ហើយនិងស្ថាប័នចំនួន៨។ បុគ្គលនិងអង្គភាពទាំងនេះ សុទ្ធតែស្ថិតក្រោមទណ្ឌកម្មរួចស្រេច របស់សហរដ្ឋអាមេរិក ដែលបានដាក់កាលពីចន្លោះខែមករា ឆ្នាំ២០១៨ និងខែតុលា ឆ្នាំ២០២២។
រីឯក្រសួងការបរទេសជប៉ុនវិញ បានប្រកាសថាទីក្រុងតូក្យូក៏បានកំណត់គោលដៅលើ អង្គភាពចំនួន៣ ព្រមទាំងបុគ្គលម្នាក់ផងដែរ សម្រាប់ការដាក់ទណ្ឌកម្មថ្មីរបស់ខ្លួន ដោយក្នុងនោះរួមមានទាំងក្រុម ឡាហ្សារ៉ឺស (Lazarus Group) ដែលជាប់សង្ស័យក្នុងការធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមនេះត្រូវគេស្គាល់ថា ជាក្រុមហែគឃ័រ (Hacker) របស់រដ្ឋាភិបាលកូរ៉េខាងជើង។
កាលពីពេលកន្លងទៅនេះ ចិននិងរុស្ស៉ីបានរារាំងកិច្ចប្រឹងប្រែង ដើម្បីដាក់ទណ្ឌកម្មបន្ថែមតាមរយៈ ក្រុមប្រឹក្សាសន្តិសុខរបស់ UN ដោយលើកហេតុផលថា ការដាក់ទណ្ឌកម្មអន្តរជាតិគួរតែត្រូវបន្ធូរបន្ថយ ដើម្បីស្តារកិច្ចចរចាឡើងវិញ និងបញ្ចៀសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ផ្នែកមនុស្សធម៌។ ប្រការនេះបានបង្ខំឱ្យទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្តោតលើកិច្ចសហការត្រីភាគី ជាមួយកូរ៉េខាងត្បូងនិងជប៉ុន ក៏ដូចជាជាមួយដៃគូអឺរ៉ុប។
គួរបញ្ជាក់ថា ការប្រកាសកញ្ចប់ទណ្ឌកម្មថ្មីខាងលើគឺធ្វើឡើង បន្ទាប់ពីមានការបាញ់សាកល្បងមីស៉ីល ICBM មួយគ្រាប់ដោយកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដែលជាផ្នែកនៃការបាញ់តេស្តមីស៉ីលច្រើនមិនធ្លាប់មាន នៅក្នុងឆ្នាំនេះ ហើយចំគ្រាដែលការព្រួយបារម្ភនៅតែបន្ត ជុំវិញលទ្ធភាពនៃការធ្វើតេស្តបំផ្ទុះ អាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗ ដោយទីក្រុងព្យុងយ៉ាង ក្រោយផ្អាកតាំងតែពីឆ្នាំ២០១៧មក៕