(កៀវ)៖ ក្រសួងការពារជាតិរុស្ស៊ី និងមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា ប្រទេសទាំងពីរបានផ្លាស់ប្តូរបុគ្គលិកបម្រើការចំនួន ៥០នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងការផ្លាស់ប្តូរអ្នកទោសថ្មីចុងក្រោយរវាងភាគីទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីដែលរុស្ស៊ីលើកបន្តុបនៅក្នុងតំបន់ដូណេត បានឲ្យដឹងថា ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ នឹងដោះដូរអ្នកទោសសង្គ្រាមចំនួន ៥០នាក់ ទាំងសងខាង។ រុស្ស៊ីនឹងបញ្ជូនអ្នកទោសដែលត្រូវបានដោះលែង ទៅកាន់ទីក្រុងមូស្គូដើម្បីពិនិត្យសុខភាព និងស្តារនីតិសម្បទារបស់ពួកគេឡើងវិញ។

លោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍អំពីការដោះលែងអ្នកការពារអ៊ុយក្រែនចំនួន ៥០នាក់ ហើយថាការដោះដូរប្តូរបែបនេះនឹងបន្តរហូតដល់ចុងបញ្ចប់ នៃការរំដោះអ្នកទោសរបស់អ៊ុយក្រែន។ ក្នុងចំណោមពួកគេគឺមានកងកម្លាំងការពារតំបន់ម៉ារីយូប៉ូល (Mariupol) និងតំបន់អាហ្សូវស្តាល់ (Azovstal) និងអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងសមរភូមិតំបន់ដូណេត លូហាន់ និងហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា៕