(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបង្ហាញនូវការរួបរួមជាមួយលោក អែមម៉ានុយអេល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងជុំវិញវិបត្តិនៅអ៊ុយក្រែន និងបង្ហាញពីឆន្ទៈរបស់អាមេរិកដើម្បីបន្ធូរបន្ថយកំហឹងរបស់អឺរ៉ុប ចំពោះការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងភរិយា គឺលោកស្រី ប្រ៊ីហ្ស៉ីត (Brigitte) បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក បៃដិន និងជំទាវទី១អាមេរិក ប៉ុន្តែគេជឿជាក់ថាអ៊ុយក្រែននៅតែជាបញ្ហាដ៏តឹងតែងបំផុតសម្រាប់មេដឹកនាំទាំពីរ ដែលបានប្តេជ្ញាបន្តការគាំទ្រយ៉ាងរឹងមាំចំពោះទីក្រុងកៀវអំឡុងរដូវរងានេះ។

លោក បៃ បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយលោក ម៉ាក្រុង យ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយដោយប្រុងប្រយ័ត្នថា ខ្ញុំត្រៀមខ្លួនដើម្បីនិយាយជាមួយលោកពូទីន ប្រសិនបើការពិតលោក ពូទីន មានការចាប់អារម្មណ៍លើការស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែខ្ញុំគិតថា លោក ពូទីន នៅមិនទាន់អាចបានធ្វើនោះទេ»។ ចំណែកលោក ម៉ាក្រុង បាននិយាយថា លោកនឹងបន្តពិភាក្សាជាមួយលោក ពូទីន ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើង និងទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន ដូចជាសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរ ជាដើម។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចមួយចំនួន នៅក្នុងកិច្ចពិភាក្សានៅឯវិមានប្រធានាធិបតី ដោយ
លោក បៃដិន បានសន្យាជាមួយលោក ម៉ាក្រុង ធ្វើការផ្លាស់ប្តូរច្បាប់ដែលសភាអាមេរិកបានអនុម័តនៅឆ្នាំ២០២២នេះ ហើយបានធ្វើឲ្យប្រជាជាតិអឺរ៉ុបមានការព្រួយបារម្ភថានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីររបស់លោក ទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីមេដឹកនាំបារាំងរូបនេះ បានឡើងកាន់តំណែងក្នុងឆ្នាំ២០១៧៕