Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីចោទអាមេរិក និងអង្គការណាតូថា កំពុងដើរតួសង្គ្រាមដោយផ្ទាល់នៅអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធ និងបណ្តុះបណ្តាលទាហានអ៊ុយក្រែន (Video inside)

01-12-2022 21:53

(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូថា បានដើរតួនាទីដោយផ្ទាល់ និងគ្រោះថ្នាក់នៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានប្រែក្លាយទីក្រុងកៀវ ទៅជាការគំរាមកំហែង ដែលមានស្រាប់សម្រាប់ទីក្រុងម៉ូស្គូ ដែលខ្លួនមិនអាចព្រងើយកន្តើយបានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១​ ខែធ្នូ ឆ្នាំ២០២២។

អ្នកការទូតកំពូលរបស់រុស្ស៊ី បានលើកឡើងបែបនេះនៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំឆ្នាំនៅទីក្រុងមូស្គូ។ ព្រមជាមួយគ្នាលោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូពីការព្យាយាមបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងបំផ្លិចបំផ្លាញស្ថាប័នក្នុងតំបន់ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កិច្ចសន្ទនា ដូចជាអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅអាស៊ីជាដើម។

ទន្ទឹមគ្នានោះ លោកបានការពារយុទ្ធនាការរុស្ស៊ី ដែលបានប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាស យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ខណៈលោកខាងលិចបានហៅទង្វើនេះថា ជាឧក្រិដ្ឋកម្មសង្គ្រាម។

លោក Lavrov បាននិយាយថា «យើងកំពុងរំខានដល់បរិក្ខារថាមពល (នៅអ៊ុយក្រែន) ដែលអនុញ្ញាតឱ្យ (លោកខាងលិច) បញ្ជូនអាវុធដ៍ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងអ៊ុយក្រែន ដើម្បីសម្លាប់ជនជាតិរុស្ស៊ី...ដូច្នេះកុំនិយាយថា សហរដ្ឋអាមេរិក និងណាតូ មិនមែនជាអ្នកចូលរួមនៅក្នុងសង្រ្គាមនេះឲ្យសោះ។ អ្នកកំពុងចូលរួមដោយផ្ទាល់។ មិនត្រឹមតែជាមួយនឹងការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបណ្តុះបណ្តាលយោធា (អ៊ុយក្រែន) នៅលើទឹកដីរបស់អ្នកទៀតផង»៕