(ប៉េកាំង)៖ ក្នុងជំនួបជាមួយលោក ឆាល មីឈែល (Michel) ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានលើកឡើងថា ចិននឹងពង្រឹងការធ្វើទំនាក់ទំនង និងការសម្របសម្រួលជាយុទ្ធសាស្រ្ត ជាមួយសហភាពអឺរ៉ុប (EU) បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

កំលុងជំនួបខាងលើដែលធ្វើឡើង នៅវិមាន Great Hall of the People ក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន លោក ស៉ី ក៏បានប្រាប់ លោក មីឈែល ផងដែរថា រូបលោកសង្ឃឹមថា ស្ថាប័នទាំងឡាយក៏ដូចជារដ្ឋជាសមាជិករបស់ EU នឹងប្រកាន់យកនូវទស្សនៈត្រឹមត្រូវ និងប្រកបដោយសត្យានុម័តចំពោះចិន។ លោកប្រធានាធិបតីចិនបានបន្តថា «ចិននឹងនៅតែបន្តបើកចំពោះក្រុមហ៊ុនអឺរ៉ុបជានិច្ច ហើយសង្ឃឹមថា EU នឹងអាចលុបចោលនូវការចូលលូកលាន់នានា ដើម្បីផ្តល់នូវបរិយាកាសអាជីវកម្មមួយ ដែលមានសមភាពនិងតម្លៃភាព សម្រាប់ក្រុមហ៊ុនចិន»

គួរបញ្ជាក់ថា ក្រៅពីលោក ស៉ី ជិនពីង លោក មីឈែល ដែលកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ ក៏ជួបជាមួយ​នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang) ហើយនិងលោក លី ចានស៊ូ (Li Zhanzhu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិនថែមទៀតផង។ ការធ្វើទស្សនកិច្ចនេះទៀតសោតកើតមានឡើង បន្ទាប់ពីបណ្តាមេដឹកនាំអឺរ៉ុបបានបង្ហាញក្តីបារម្ភ ក្នុងកិច្ចប្រជុំមួយកាលពីខែតុលាកន្លងទៅ អំពីភាពពឹងផ្អែកសេដ្ឋកិច្ចរបស់អឺរ៉ុប លើប្រទេសចិន៕