(វ៉ាស៉ីនតោន)៖ កងទ័ពជើងគោកអាមេរិក បានប្រកាសថាកិច្ចព្រមព្រៀងតម្លៃ ១.២ពាន់លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីលបាញ់ពីផ្ទៃដីទៅអាកាស NASAMS ចំនួន៦គ្រឿងសម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon។ នេះបើយោតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធសប្តាហ៍នេះថា ការងារនឹងត្រូវបានអនុវត្តនៅទីក្រុងទូស្ក៍ប៊ូរី (Tewksbury) នៃរដ្ឋម៉ាសាឈូសេត (Massachusetts) ដែលអាចនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះទីក្រុងកៀវ បានទទួលប្រព័ន្ធការពារមីស៉ីល NASAMS ចំនួន២ ក្នុងចំណោម ៨គ្រឿង ខណៈនៅសេសសល់ត្រូវបានគេរំពឹងថានឹងបញ្ជូនទៅអ៊ុយក្រែន នៅពេលផលិតរួច។

ក្រៅពី ប្រព័ន្ធការពារមីស៉ីល NASAMS កិច្ចព្រមព្រៀងខាងលើនេះ ក៏រួមបញ្ចូលទាំងឧបករណ៍និងគ្រឿងបន្លាស់ ក៏ដូចជាការហ្វឹកហាត់ និងការដឹកជញ្ជូនសម្រាប់យោធាអ៊ុយក្រែនផងដែរ។ វាផ្នែកមួយគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលសម្រេចដោយរដ្ឋបាល លោក បៃដិន ក្នុងការទិញអាវុធពីឧស្សាហកម្មការពារជាតិ ជំនួសឲ្យការយកវាពីស្តុកយោធាអាមេរិក ដែលមានស្រាប់។

គួរបញ្ជាក់ថា ទោះជាមានការព្រមានពីសំណាក់ក្រសួងការពារជាតិ ឬក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៉ី អំពីលទ្ធភាពប្រឆាំងនឹង ការផ្តល់ប្រព័ន្ធការពារដែនអាកាស ឬមីស៉ីលដល់អ៊ុយក្រែនក៏ដោយ តែរហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងកៀវ ដោយផ្តល់ជំនួយយោធាជាង ១៩.៨ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕