(ហ្សឺណែវ)៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិ (UN) និងដៃគូបានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា ក្នុងចំនួនច្រើនមិនធ្លាប់មានគឺ ៥១.៥ពាន់លានដុល្លារ សម្រាប់ការផ្តល់ជំនួយក្នុងឆ្នាំ២០២៣ ស្របពេលដែលមនុស្សរាប់សិបលាននាក់បន្ថែមទៀត ត្រូវគេរំពឹងថានឹងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ប្រចាំឆ្នាំរបស់ UN ដែលវាយតម្លៃលើតម្រូវការផ្នែកមនុស្សធម៌ជាសកល បានប៉ាន់ប្រមាណថា មនុស្ស៦៥លាននាក់បន្ថែមទៀត នឹងត្រូវការការផ្តល់ជំនួយជាបន្ទាន់ នៅឆ្នាំក្រោយ ដែលនាំឱ្យចំនួនអ្នកត្រូវការជំនួយមនុស្សធម៌ សរុបកើនឡើងដល់ ៣៣៩លាននាក់ក្នុង៦៨ប្រទេស នៅទូទាំងពិភពលោក។ តួលេខនេះគឺតំណាងឱ្យជាង ៤ភាគរយនៃចំនួនប្រជាជនសរុបនៅលើផែនដី ឬស្មើនឹងចំនួនប្រជាជនសរុប នៅក្នុងសហរដ្ឋអាមេរិក។
លោក ម៉ាទីន គ្រីហ្វហ្វីស (Martin Griffiths) មន្រ្តីសម្របសម្រួលការផ្តល់ជំនួយបន្ទាន់ នៃអង្គការសហប្រជាជាតិ បានលើកឡើងថា តម្រូវការជំនួយមនុស្សធម៌ស្ថិតក្នុងកម្រិតខ្ពស់ដែលគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង គឺដោយសារតែព្រឹត្តិការណ៍អាក្រក់ៗក្នុងឆ្នាំ២០២២នេះ កំពុងអូសបន្លាយទៅដល់ឆ្នាំ២០២៣ ដូចជាវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងគ្រោះរាំងស្ងួតនៅតំបន់ជ្រោយទ្វីបអាហ្រ្វិក (Horn of Africa) ជាដើម។
គួរបញ្ជាក់ ទំហំថវិកាខាងលើគឺច្រើនជាង ៤១ពាន់លានដុល្លារ ដែល UN បានស្នើសុំសម្រាប់ឆ្នាំ២០២២ ប៉ុន្តែកំលុងមួយឆ្នាំនេះតួលេខនោះ ក៏ត្រូវបានកែប្រែមកដល់ខ្ទង់ ៥០ពាន់លានដុល្លារផងដែរ ហើយទោះជាបែបនេះក្តី UN ទទួលបានថវិកាមិនដល់ពាក់កណ្តាលឡើយ នៃចំនួនដែលខ្លួនចង់បានឡើយ៕