(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវ៉ាស៉ីនតោនកំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីទៀត ប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាងបន្តអភិវឌ្ឍ មីស៉ីលដែលត្រូវបានហាមឃាត់ ហើយអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរសាជាថ្មី ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។
«នាពេលនេះ យើងកំពុងចាត់ចែងរៀបចំសំណុំចំណាត់ការទណ្ឌកម្មថ្មីទៀត»។ លោក ស៊ូលីវ៉ាន់ បាននិយាយយ៉ាងដូច្នេះពាក់ព័ន្ធ បញ្ហាកូរ៉េខាងជើងប្រាប់សន្និសីទមួយ ដែលរៀបចំឡើងនៅឯទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។ លោក ស៊ូលីវ៉ាន់ ដែលថ្លែង តាមប្រព័ន្ធវីដេអូអនឡាញ ពុំបានបកស្រាយលម្អិតបន្ថែមឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៉ីនតោនបន្តប្តេជ្ញាប្រើប្រាស់ ការដាក់សម្ពាធនិងមធ្យោបាយការទូត ដើម្បីព្យាយាមជំរុញឱ្យកូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានបន្តថា គោលនយោបាយកូរ៉េខាងជើង របស់រដ្ឋបាលលោក ចូ បៃដិន គឺរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ហើយអាមេរិកនៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការឆ្ពោះទៅរកគោលដៅនេះឱ្យបាន ហើយរក្សានូវភាពបត់បែន ក្នុងការធ្វើការរួមគ្នាជាមួយដៃគូ ជុំវិញវិធីសាស្រ្តដើម្បីសម្រេចវាឱ្យបាន។ លោកក៏បានរំលេចពីការបង្កើន កិច្ចសហការរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរ។
យ៉ាងណាក្តី ទីក្រុងព្យុងយ៉ាងធ្លាប់បាននិយាយហើយថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺមិនអាចទៅរួចជាដាច់ខាត ហើយបានចោទសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តថា ប្រកាន់គោលនយោបាយបង្កភាពជាសត្រូវប្រឆាំងលើខ្លួន រួមមានទាំងការដាក់ទណ្ឌកម្ម ដែលជាហេតុធ្វើឱ្យ កូរ៉េខាងជើងគ្មានជម្រើសអ្វីក្រៅតែពីខិតខំពង្រីកកម្លាំងយោធា។ ជុំវិញរឿងនេះ លោក ស៊ូលីវ៉ាន់ បានអះអាងថា ទីក្រុងវ៉ាស៉ីនតោនពុំមានចេតនាអាក្រក់ ចំពោះកូរ៉េខាងជើងទេ ហើយបើកទ្វារចំហជានិច្ចសម្រាប់កិច្ចចរចា និងដោយមិនមានការកំណត់លក្ខខណ្ឌទុកជាមុនឡើយ។
គួរបញ្ជាក់ថា ទណ្ឌកម្មជុំចុងក្រោយបំផុតរបស់អាមេរិក កាលពីខែតុលាកន្លងទៅ មានគោលដៅលើក្រុមហ៊ុនចំនួន២ ដែលចុះបញ្ជីនៅសិង្ហបុរី ហើយនិងក្រុមហ៊ុនមួយទៀត ដែលចុះបញ្ជីនៅប្រទេសប្រជុំកោះម៉ាសាល់ (Marshall Islands) នៃតំបន់ប៉ាស៉ីហ្វិក ដោយទីក្រុងវ៉ាស៉ីនតោនអះអាងថា ក្រុមហ៊ុនទាំងនេះជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសព្វាវុធ និងយោធារបស់ទីក្រុងព្យុងយ៉ាង។ ទោះបែជាមានការដាក់ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក អស់រយៈពេលប៉ុន្មានទសវត្សរ៍ហើយក៏ដោយ គឺវាមិនបានរារាំងមីស៉ីលដែលកាន់តែទំនើបឡើងៗ ហើយនិងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងឡើយ៕