(ព្រុចសែល)៖ ប្រទេសក្នុងក្រុមសម្ព័ន្ធអង្គការណាតូទាំង៣០ប្រទេស បានធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ជំរុញការនាំអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូឱ្យកាន់តែឆាប់ ខណៈរុស្ស៊ីកំពុងតែសំរុកការបាញ់ផ្លោងផ្តាច់ភ្លើងអគ្គីសនី និងទឹកក្នុងរដូវរងារដើម្បីបង្ខំឱ្យអ៊ុយក្រែនចុះញ៉ម។ ពេលនេះល្បិចប្រយុទ្ធលើសមរភូមិ ក្នុងរដូវរងាទាំងរុស្ស៊ីនិងអង្គការណាតូ បានបញ្ចេញមករៀងៗខ្លួន ប៉ុន្តែអ្នកដែលទ្រាំទ្របន្ទុកធ្ងន់ជាងគេនោះ គឺប្រទេសអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែននោះទេ ដែលកំពុងរងទុក្ខវេទនា ដោយសារសង្គ្រាមនៅមិនទាន់បានបញ្ចប់។

រដ្ឋមន្ត្រីការបរទេសក្រុមប្រទេសណាតូទាំង៣០ប្រទេស ទើបបានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Bucharest ក្នុងប្រទេសរ៉ូម៉ានី កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងនោះរួមមានទាំង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken។ កិច្ចប្រជុំនេះ គឺចង់បង្ហាញបញ្ជាក់ការគាំទ្រកាន់តែខ្លាំងរបស់ណាតូ ដល់ប្រទេសអ៊ុយក្រែន រួមមានការជួយផ្តល់ អ៊ុយក្រែននូវសម្ភារៈផ្តល់ថាមពលនិងសម្ភារៈជំនួយយោធាប្រឆាំងនឹងរុស្ស៊ី។ ក្នុងកិច្ចប្រជុំនោះក៏រួមមានទាំងរបៀបវារៈ ការជជែកជម្រុញអ៊ុយក្រែនដើម្បីឆាប់ក្លាយជាសមា ជិកថ្មីរបស់អង្គការណាតូផងដែរ។ បើសិនជាអ៊ុយក្រែននឹងក្លាយជា សមាជិករបស់អង្គការណាតូមែននោះ, សង្គ្រាមនឹងវិវត្តន៍ពីរូបភាពរុស្ស៊ី-អ៊ុយក្រែន មកជារុស្ស៊ី-ណាតូជាមិនខានឡើយ។

ក្នុងប្រទេសរ៉ូម៉ានីនេះផងដែរ កាលពីខែមេសា ឆ្នាំ២០០៨ អតីតប្រធានាធិបតីអាមេរិកលោក George W Bush បានថ្លែងបញ្ចុះបញ្ចូលដើម្បីឱ្យប្រទេសជា សមាជិកអង្គការណាតូ ទទួលយកប្រទេសអ៊ុយក្រែន និងប្រទេស Georgia ដែលថ្ងៃណាមួយ គង់នឹងចូលរួមជាសមាជិក របស់អង្គការណាតូជាមិនខាន។ ហើយទ្វាររបស់អង្គការណាតូ ត្រូវបានបើករក្សាចំហរចាប់ តាំងពីពេលនោះមក។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលពេល នោះលោកជានាយករដ្ឋមន្ត្រីនៃប្រទេសណ័រវ៉េដែលចូលរួមក្នុងកិច្ចប្រ ជុំខែមេសាឆ្នាំ២០០៨ នោះបានរំលឹកនូវព្រឹត្តិការណ៍ ដែលមានការរក្សាទ្វារចំហរចំពោះប្រទេស ទាំង២នោះ។

លោក Jens Stoltenberg បានថ្លែងរំលឹកថាក្នុងពេលនោះទ្វារបានរក្សាបើកចំហរផងដែរចំ ពោះប្រទេសម៉ុងតេណេក្រូ, ប្រទេស North Macedona បើទោះបីជាពេលនោះមានការជំទាស់ ខ្លាំងក្លាពីប្រទេសរុស្ស៊ីយ៉ាងណាក៏ដោយ។ លោកបានបញ្ជាក់ជុំវិញការលើក អំពីបេក្ខភាពនៃ ប្រទេសអ៊ុយក្រែនមកជជែកថែមទៀត ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសទាំង៣០ប្រទេស នាពេលនេះ។

បណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេសនានាដែលបានចូលរួម បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតដែរ ថាកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអង្គការណាតូទាំង៣០ គឺពិតជាមានរបៀបវារៈនៃការជំរុញ ប្រទេសអ៊ុយក្រែនដើម្បីឆាប់ក្លាយជាសមាជិករបស់អង្គការណាតូ។

រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Ratislav Kacer បានថ្លែងថាកិច្ចប្រជុំពិតជាមានរបៀបវារៈនៃ ការជជែករឿងជំរុញប្រទេសអ៊ុយក្រែនដើម្បីឆាប់ក្លាយជាសមាជិករបស់អង្គការណាតូនោះ ពិតមែន។ លោកថា គេយករឿងអ៊ុយក្រែននេះមកជជែកយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យការក្លាយជាសមាជិកនេះកាន់តែកៀកជិតបំផុត ដែលអាចធ្វើទៅបាន ហើយបន្ទាប់មកនឹងអាចជម្រុញដំណើរការអ៊ុយក្រែននឹងក្លាយជា សមាជិករបស់អង្គការណាតូបានយ៉ាងរលូន។

ការជម្រុញចង់ឱ្យអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការណាតូនេះ បានធ្វើឡើងក្នុងពេល ដែលរុស្ស៊ីត្រូវបានអង្គការណាតូចោទថា កំពុងប្រើប្រាស់អាវុធនៃរដូវរងារដើម្បីបង្ខំឱ្យអ៊ុយ ក្រែនចុះញ៉ម។ រុស្ស៊ីដើម្បីបង្ខំឱ្យអ៊ុយក្រែនឈានចូលតុចរចា បានបាញ់ផ្លោងមីស៊ីលស្ទើរ គ្មានលោះពេលឡើយដាក់លើបណ្តាទីក្រុងនានា ជាពិសេសលើមជ្ឈមណ្ឌលផ្តល់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនិងភ្លើង ចាប់តាំងពីភាពចុះត្រជាក់ដំបូង ក្នុងខែតុលាទើបនឹង ឈានចូលមកដល់។

ថ្ងៃទី១ធ្នូ ឆ្នាំ២០២២ គឺជាថ្ងៃដំបូងនៃរដូវរងារពិតប្រាកដបានឈានចូល មកដល់។ ប្រជាជនអ៊ុយក្រែនប្រមាណ១០លាននាក់ ក្នុងនោះរួមមាន៣លាននាក់ក្នុងរដ្ឋធានី គៀវបានរស់នៅក្នុងសភាពគ្មានថាមពលភ្លើង, គ្មានកំដៅនិងថែមទាំងខ្វះទឹកថែមទៀត។ ពល រដ្ឋអ៊ុយក្រែនត្រូវគេបារម្ភថានឹងអាចប្រឈមការស្លាប់ដោយជម្ងឺ Hypothermia បើសិនជាមិន អាចទ្រាំធន់និងករណីត្រជាក់បាន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ បានសន្យាបន្តផ្តល់ជំនួយដល់អ៊ុយក្រែនកាន់តែខ្លាំង និង ការជួយជម្រុញណាតូកាន់តែឆាប់ ឱ្យបានក្លាយជាសមាជិករបស់ អង្គការសន្ធិសញ្ញាអត្លង់ទិក ខាងជើង។ នៅជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏កំពុងជម្រុញការបង្កើតតុលាការពិសេសមួយ ដើម្បីធ្វើការកាត់ទោសរុស្ស៊ីនូវអំពើដែលគេចោទថាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងកាលពីថ្ងៃទី៣០ វិច្ឆិកា ស្នើរកការបង្កើតតុលាការពិសេសនេះ និងស្វែងរកការគាំទ្រពីអង្គការសហប្រជាជាតិ។

លោកស្រី បានថ្លែងថាអំពើឈ្លានពានរបស់រុស្ស៊ី ក្នុង អ៊ុយក្រែនបានបង្កការស្លាប់មនុស្ស, ការបំផ្លិចបំផ្លាញនិងការឈឺចាប់ មិនអាចថ្លែងបានឡើយ… ប្រទេសរុស្ស៊ីត្រូវតែសងមកវិញនូវ អំពើឧក្រិដ្ឋដ៏គួរឱ្យខ្លាចនេះក្នុងនោះក៏រួមមានទាំងអំពើ ឧក្រិដ្ឋឈ្លានពានប្រឆាំងដាក់លើអធិប តេយ្យភាពនៃរដ្ឋមួយផងដែរ។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ថ្លែងថាសង្គ្រាមដែលបង្ក ឡើងដោយរុស្ស៊ីបានសម្លាប់ពលរដ្ឋស៊ីវិលអ៊ុយក្រែន ជាង២ម៉ឺននាក់ និងសម្លាប់ទាហានអ៊ុយ ក្រែនប្រមាណ១០ម៉ឺននាក់ថែមទៀត ចាប់តាំងពីមានការវាយប្រហារថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។

លោកស្រីបានថ្លែងថា សូមស្នើបង្កើតតុលាការពិសេសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើការកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី។ លោកស្រី Ursula von der Leyen បានថ្លែងប្តេជ្ញាថាសហភាពអឺរ៉ុប នឹងធ្វើកិច្ចការនេះជាមួយ សហគមន៍អន្តរជាតិនិងព្យាយាមរក ការគាំទ្រយ៉ាងទូលំទូលាយពីអន្តរជាតិដើម្បីការគាំទ្រឱ្យ តុលាការនេះបានកើតឡើងជារូបរាង។ លោកស្រីថ្លែងទៀតថារុស្ស៊ីត្រូវតែសងលើការខូចខាត ដល់អ៊ុយក្រែនដែលនឹងមានតម្លៃ ៦០០ពាន់លានផោន។

លោកស្រីបានបញ្ជាក់ថាសហភាព អឺរ៉ុបមានមធ្យោបាយដើម្បីអាចឱ្យរុស្ស៊ី ត្រូវធ្វើការសងប្រាក់ទាំងនោះបាន ក្នុងនោះរួមមាន ប្រាក់ ៣០០ពាន់លានផោននៃទុនបំរុងរបស់ធនាគារកណ្តាលរុស្ស៊ី និងប្រាក់ពីមហាសេដ្ឋីរុស្ស៊ីនានា ចំនួន១៩ពាន់លានផោន ដែលគេបានបង្កកទុក, និងលុយទាំងនោះ ត្រូវលោកស្រី បញ្ជាក់ថា នឹងយកប្រើប្រាស់សម្រាប់ ការសងលើប្រទេសអ៊ុយក្រែន។

កិច្ចប្រជុំរយៈពេល២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសណាតូ មិនត្រឹមតែជជែកលើបញ្ហារុស្ស៊ីប៉ុណ្ណោះទេ, រឿងនៃប្រទេសចិនដែលកំពុងតែ មានការអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ក៏ត្រូវបានប្រទេសក្នុងអង្គការណាតូ លើកយកមកជជែកដើម្បីរកការត្រៀមទុកជាមុន សម្រាប់ការបង្កាទៅថ្ងៃអនាគតផងដែរ។ អង្គការណាតូតែងចោទថាប្រទេសចិន គឺជាប្រទេសដៃគូរបស់រុស្ស៊ី។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថា «NATO គឺជាសម្ព័ន្ធមិត្តរបស់អឺរ៉ុប និងអាមេរិកខាងជើង ប៉ុន្តែបញ្ហាដែលណាតូប្រឈមមុខ គឺជារឿងសកល និងគេត្រូវតែដោះស្រាយបញ្ហាទាំងនោះរួមគ្នា នៅក្នុងអង្គការ NATO»

រដ្ឋមន្ត្រីការបរទេសអង្គការណាតូ ថ្លែងថាគេកំពុងតែពិនិត្យតាមដានមើលលើការអភិវឌ្ឍន៍យោធារបស់ចិន, ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា, ប្រព័ន្ធអ៊ិនថឺណិត Cyber និងសកម្មភាព Hybrid អ៊ីនធឺណេត ដែលកំពុងតែមានសន្ទុះរីកចំរើន។ លោក Stoltenberg បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបង្ហាញពីការពឹងផ្អែក ប្រកបដោយគ្រោះថ្នាក់លើឧស្ម័នរុស្ស៊ី ហើយ លោកថា «រឿងនេះបាននាំឱ្យគេអាចវាយតម្លៃនូវភាព ពឹងប្រាស្រ័យនាអនាគតលើប្រទេស ផ្សេងទៀតដូចជាប្រទេសចិនជាដើម ក្នុងនោះរួមមានខ្សែសង្វាក់ផ្គត់ផ្គង់ផង, បច្ចេកវិទ្យាផង ឬផ្នែកហេដ្ឋារចនាសម្ព័ន្ធផង»។ លោកបានថ្លែងបន្ថែមថា គេនៅតែនឹងបន្តធ្វើពាណិជ្ជកម្ម និងធ្វើការពាក់ព័ន្ធរឿងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិន ប៉ុន្តែគេត្រូវដឹងពីភាពពឹងប្រាស្រ័យ អ្វីដែលធ្លាប់តែពឹងលើប្រទេសចិនដើម្បីការបង្កា, កាត់បន្ថយភាពងាយរងគ្រោះ និងការគ្រប់គ្រងហានិភ័យ៕