(អ៉ីស្លាម៉ាបាដ)៖ ប៉ូលិសប៉ាគីស្ថានបានឱ្យដឹងថា នៅថ្ងៃពុធនេះ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើងនៅទីក្រុងកេតតា (Quetta) ភាគនិរតីប្រទេស ដែលមានគោលដៅលើកងកម្លាំងល្បាតរបស់ប៉ូលិស ដោយជាលទ្ធផលមនុស្ស៣នាក់បានស្លាប់ ហើយ២៨នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
មន្រ្តីប៉ូលិសប៉ាគីស្ថានខាងលើគឺ លោក អាប់ឌុល ហាក (Abdul Haq) បានប្រាប់ AFP យ៉ាងដូច្នេះថា «ការវាយប្រហារបំផ្ទុះគ្រាប់បែក ដែលមានគោលដៅទៅលើកងកម្លាំងប៉ូលិសល្បាត បានបង្កឱ្យមនុស្សជិត៣០នាក់រងរបួស ក្នុងនោះពាក់កណ្តាលជាមន្រ្តីប៉ូលិស ខណៈអ្នកបាត់បង់ជីវិតមានប៉ូលិសម្នាក់ ស្រ្តីម្នាក់ និងកុមារម្នាក់»។
ក្រុមតាលីបង់ប៉ាគីស្ថាន ហៅកាត់ TTP បានចេញមុខអះអាងថា សកម្មភាពវាយប្រហារអត្តឃាតខាងលើ គឺជាទង្វើរបស់ពួកគេ។ កាលពីថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធនេះ ទើបតែប្រកាសបញ្ចប់បទឈប់បាញ់មួយ ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន បន្ទាប់ពីសម្រេចបានវាកាលពីប៉ុន្មានខែមុន ហើយចេញបញ្ជាឱ្យអ្នកប្រយុទ្ធរបស់ខ្លួន បន្តការវាយប្រហារនៅក្នុងប្រទេសអាស៉ីខាងត្បូងនេះឡើងវិញ។
គួរបញ្ជាក់ថា ក្រុមតាលីបង់ប៉ាគីស្ថាន គឺជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែក ពីក្រុមតាលីបង់ដែលនៅស្ថិតប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្តែប្រកាន់មនោគមវិជ្ជាជ្រុលនិយមដូចគ្នា៕