(ហ្សឺណែវ)៖ អ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសអ៉ីរ៉ង់បានសម្តែងការព្រួយបារម្ភថា ការគាបសង្កត់លើក្រុមអ្នកតវ៉ាកំពុងកើនឡើងកាន់តែខ្លាំង ដោយអាជ្ញាធរបានចាប់ផ្តើម «យុទ្ធនាការ» នៃការកាត់ទោសប្រហារជីវិតពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

UN បានឲ្យដឹងថាមនុស្សជាង ៣០០នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ និង១៤,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងតវ៉ាដែលកើតចេញពីការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) នៅក្នុងមន្ទីរឃុំឃាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ដោយសំដៅលើការបោះឆ្នោតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីបើកការស៊ើបអង្កេតលើការបង្ក្រាបកាលពីសប្តាហ៍មុន លោក ចាវ៉ាអ៉ីត រ៉េហ៍មែន (Javaid Rehman) បាននិយាយថា «ខ្ញុំមានការភ័យខ្លាចថារបបដឹកនាំអឺរ៉ង់ នឹងមានប្រតិកម្មយ៉ាងហិង្សាចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយអាចនឹងមានការបង្រ្កាប ឬគាបសង្កត់កាន់តែច្រើនឡើងមកលើពួកគេ»

គួរបញ្ជាក់ថា អ៉ីរ៉ង់បានចោទប្រកាន់ជនបរទេស និងភ្នាក់ងាររបស់ពួកគេ ថាជាអ្នកបង្កភាពចលាចលក្នុងប្រទេសរបស់ខ្លួន។ ប្រធានតុលាការកំពូលអ៉ឺរ៉ង់ កាលពីខែមុនបានចេញបញ្ជាដល់ចៅក្រមឲ្យសម្រេចកាត់ទោសជាដាច់ខាត លើបុគ្គលសំខាន់ៗនៃការធ្វើកុប្បកម្ម។ បើតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ សម្រាប់ការផ្សាយព័ត៌មានមិនពិត គឺជាតារាចម្រៀងរ៉េបជនជាតិអ៉ីរ៉ង់ដ៏ល្បី ឈ្មោះ ធូម៉ាច សាឡេហ៉ី (Toomaj Salehi)៕