(វ៉ាសូវី)៖ រដ្ឋាភិបាលប៉ូឡូញនៅថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញគ្រោងនឹងគិតថ្លៃអាហារ និងលំនៅដ្ឋានសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនបន្ទាប់ពីការស្នាក់នៅក្នុងប្រទេសរបស់ខ្លួនអស់រយៈពេល៤ខែ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលថ្ងៃទី២៤ ខែកុម្ភៈ ជនភៀសខ្លួនអ៊ុយក្រែនជាង១លាននាក់បានធ្វើផ្ទះបណ្ដោះអាសន្ន ក្នុងប្រទេសប៉ូឡូញដែលជាប្រទេសជិតខាងប៉ែកខាងលិចរបស់ខ្លួន ដោយពឹងផ្អែកលើទឹកចិត្តរបស់សប្បុរសជននិងជំនួយពីរដ្ឋាភិបាល។ ប៉ុន្តែការគាំទ្រជាសាធារណៈសម្រាប់ជនភៀសខ្លួននេះបានធ្វើឲ្យធនធានកំពុងរីងស្ងួត ខណៈប្រជាជនប៉ូឡូញផ្ទាល់ក៏កំពុងប្រឈមមុខនឹងវិបត្តិតម្លៃរស់នៅ និងបញ្ហាថវិកា។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៉ូឡូញបានឲ្យដឹងថា ប្រជាពលរដ្ឋអ៊ុយក្រែនដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលសមូហភាព ឬទីស្នាក់ដូចជាបន្ទប់សណ្ឋាគារដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ឬអន្តេវាសិកដ្ឋានសាលា យូរជាង១២០ថ្ងៃ នឹងត្រូវរ៉ាប់រងចំណែក ៥០% នៃការចំណាយចំនួន ៨.៨៧ដុល្លារ ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។ ហើយបន្ទាប់ពី ១៨០ថ្ងៃ នឹងត្រូវចំណាយ ៧៥% នៃការចំណាយរហូតដល់ចំនួន ១៣.៩០ដុល្លារ ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។ ប៉ុន្តែចំពោះអ្នកដែលមិនអាចធ្វើការបានដោយសារតែអាយុ ឬពិការ នឹងត្រូវដកចេញបូករួមទាំងស្ត្រីមានផ្ទៃពោះ ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញ ចង់អនុវត្តច្បាប់នេះចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ខណៈសេចក្តីព្រាងច្បាប់នឹងត្រូវបញ្ជូនទៅសភា ដែលត្រូវបានគេរំពឹងថានឹងអនុម័តយ៉ាងងាយស្រួល៕