(ឡុងដ៍)៖ ចំនួនប្រជាជនមូស្លីម នៃចក្រភពអង់គ្លេសបានកើនឡើង ៤៤ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាមតួលេខជំរឿនចុងក្រោយបំផុត ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ។ ក្នុងចំណោមប្រជាជនសរុបរបស់ប្រទេស គឺមាន៦.៥ភាគរយ ដែលស្មើនឹង៣.៩លាននាក់ជាអ្នកកាន់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ក្រុមជនជាតិភាគតិចធំបំផុតទីពីរនៅក្នុងចក្រភពអង់គ្លេស បច្ចុប្បន្ននេះគឺអាស៊ីដែលមានចំនួន ៩.៣ភាគរយនៃចំនួនប្រជាជនសរុប។
ភាពចម្រុះនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីជំរឿនចុងក្រោយក្នុងឆ្នាំ២០១១ ជាមួយនឹង២ភាគ៣ នៃទីក្រុងឡុងដ៍ ឥឡូវនេះជាជនជាតិភាគតិច ខណៈដែលទីក្រុងធំៗផ្សេងទៀតដូចជា Leicester, Luton និង Birmingham បានក្លាយជា «ក្រុមជនជាតិភាគតិចអាស៊ី»។
ជំរឿនឆ្នាំ២០២១ បានរកឃើញទៀតថា ប្រហែល ១០ភាគរយនៃគ្រួសារចក្រភពអង់គ្លេស ដែលបច្ចុប្បន្នមានសមាជិកមកពីក្រុមជនជាតិភាគតិចពីរផ្សេងគ្នា កើនឡើង ៨.៧ភាគរយ៕