(សិង្ហបុរី)៖ សិង្ហបុរីលុបចោលការដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែបានរក្សានិយមន័យផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍(រវាងបុរសនិងស្ត្រី) បន្ទាប់ពីសភាបានអនុម័តការផ្លាស់ប្តូរចំពោះសេចក្តីព្រាងច្បាប់ចំនួនពីរ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២២។

ការលុបចោលមាត្រា ៣៧៧A នៃសម័យអាណានិគម នៅក្នុងក្រមព្រហ្មទណ្ឌត្រូវបានអនុម័តដោយសំឡេងភាគច្រើន ៩៣ទល់នឹង៣។ ចំណែកឯ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរក្សានិយមន័យផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ បានអនុម័តដោយសំឡេងគាំទ្រភាគច្រើន៨៥នឹង២។

នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានច្រានចោលការផ្លាស់ប្តូរណាមួយចំពោះនិយមន័យផ្លូវច្បាប់បច្ចុប្បន្ន នៃអាពាហ៍ពិពាហ៍ (រវាងបុរសនិងស្ត្រី)។

នៅប្រទេសសិង្ហបុរី អាកប្បកិរិយាចំពោះបញ្ហាមនុស្សស្រលាញ់ភេទដូចគ្នា បានផ្លាស់ប្តូរឆ្ពោះទៅរកជំហរសេរីកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងចំណោមយុវវ័យ ទោះបីជាអាកប្បកិរិយាអភិរក្សនៅតែមានក្នុងចំណោមក្រុមសាសនាក៏ដោយ។

ក្នុងចំណោមយុវជនដែលមានអាយុពី ១៨-២៥ឆ្នាំ ប្រហែល ៤២ភាគរយបានទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នាក្នុងឆ្នា២០១៨ កើនឡើងពី១៧ភាគរយ បើធៀបនឹងកាលពីប្រាំឆ្នាំមុន នេះបើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានសិក្សាគោលនយោបាយ៕