(ប៊ុយការ៉េស)៖ សហរដ្ឋអាមេរិកនឹងប្រកាសជំនួយថ្មីមួយទៀត ដើម្បីស្តារអគ្គិសនីរបស់អ៊ុយក្រែនឡើងវិញ ខណៈប្រជាជនអ៊ុយក្រែនត្រូវប្រឈមមុខនឹងភាពត្រជាក់ និងភាពងងឹតរយៈពេលមួយសប្តាហ៍ទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) ដែលបានមកដល់ទីក្រុងប៊ុយការ៉េស (Bucharest) នៃប្រទេសរ៉ូម៉ានី នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នឹងប្រកាសជំនួយថ្មីដើម្បីជួយស្ដារ សមត្ថភាពបញ្ជូនថាមពលរបស់អ៊ុយក្រែន។ ទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ខ្សែបណ្តាញរបស់សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសអឺរ៉ុបដើម្បីកំណត់ទីតាំងឧបករណ៍ ដែលអាចស្តារស្ថានីយ៍បញ្ជូនតង់ស្យុងខ្ពស់របស់អ៊ុយក្រែនឡើងវិញ។

គួរបញ្ជាក់ថា នៅក្នុងទីក្រុងកៀវ ព្រិលបានចាប់ផ្តើមធ្លាក់ហើយសីតុណ្ហភាពក៏ចុះត្រជាក់ ខណៈដែលមនុស្សរាប់លាននាក់ ដែលរស់នៅក្នុងនិងជុំវិញរដ្ឋធានី កំពុងតស៊ូដើម្បីរកវិធីកំដៅផ្ទះរបស់ពួកគេ។ ទោះជាទីក្រុងកៀវ និងសម្ព័ន្ធមិត្ត បានចាត់ទុកការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែទីក្រុងមូស្គូនៅតែបដិសេធថា ខ្លួនគ្មានបំណងធ្វើឲ្យជនស៊ីវិលឈឺចាប់ទេ៕