(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រុមតាលីបង់នៅប៉ាគីស្ថាន បានប្រកាសថា ក្រុមសកម្មប្រយុទ្ធនេះ នឹងលែងគោរពអនុវត្តតាមបទឈប់បាញ់ ដែលខ្លួនសម្រេចបានជាមួយរដ្ឋាភិបាលប៉ាគីស្ថានទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ម៉ូហាំម៉ាត់ ឃូរ៉ាសានី (Mohammad Khurasani) អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់នៅប៉ាគីស្ថាន ហៅកាត់ TTP បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននានាថា ក្រុមថ្នាក់ដឹកនាំរបស់ខ្លួនបានសម្រេចចិត្ត បញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាល​នៃប្រទេសប៉ាគីស្ថានហើយ។ ទន្ទឹមគ្នានោះ ក្រុម TTP ក៏បានសេចក្តីថ្លែងការណ៍ ទទូចឱ្យអ្នកប្រយុទ្ធរបស់ខ្លួន បន្តការវាយប្រហារ​ឡើងវិញផងដែរ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់នៅប៉ាគីស្ថាននេះ គឺប្រមូលផ្តុំទៅដោយក្រុមសកម្មប្រយុទ្ធស៊ុននី (Sunni) មួយចំនួន ដែលបានធ្វើសកម្មភាពវាយប្រហារប្រឆាំង រដ្ឋអំណាចប៉ាគីស្ថានអស់រយៈពេលរាប់ឆ្នាំមកហើយ ក្រោមគោលដៅផ្តួលរំលំ​រដ្ឋាភិបាល ហើយកាន់កាប់ប្រទេសអាស៉ីខាងត្បូង ដែលមានប្រជាជន២២០លាននាក់មួយនេះ ដោយប្រើច្បាប់អ៉ីស្លាមដ៏តឹងរ៉ឹង​របស់ពួកតាលីបង់។

ក្រុម TTP មិនមានជាប់ទាក់ទងដោយផ្ទាល់ ជាមួយក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានឡើយ ប៉ុន្តែក្រុមតាលីបង់អាហ្វហ្កានីស្ថាន ដែលឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន តាំងតែពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១មក បានព្យាយាមជួយសម្របសម្រួលដល់ កិច្ចចរចាសន្តិភាពរវាងក្រុមសកម្មប្រយុទ្ធ ហើយនិងរដ្ឋាភិបាលនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីចុងឆ្នាំមុន៕