(ស្តុកខុល)៖ ម្ចាស់ជ័យលាភីណូបែលសន្តិភាព និងជាប្រធានស្ថាប័នដែលឈ្នះពានរង្វាន់នៅឆ្នាំនេះ អ្នកនាង អូឡេកសាន់ដ្រា ម៉ាតវីឈុក (Oleksandra Matviichuk) បានអំពាវនាវឱ្យមានការផ្តល់អាវុធដើម្បីជួយអ៊ុយក្រែនការពារខ្លួន និងបញ្ឈប់អំពើឃោរឃៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានមជ្ឈមណ្ឌលសម្រាប់សេរីភាពជនស៊ីវិលរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងទីក្រុងស្តុកខុល (Stockholm) នៃប្រទេសនូវែលសេឡង់ យ៉ាងដូច្នេះថា «នៅពេលមាននរណាម្នាក់សួរខ្ញុំអំពីរបៀបបញ្ឈប់ឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃនោះ ខ្ញុំអាចឆ្លើយបានថា គឺមានតែការផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីរំដោះទឹកដីទាំងនេះមកវិញប៉ុណ្ណោះ»

អ្នកនាង ម៉ាតវីឈុក បានគូសបញ្ជាក់ថា «វាគឺជារឿងដ៏ចំលែកមួយសម្រាប់ខ្ញុំ ហើយច្បាស់ណាស់ថាពិតជាខុសប្រក្រតីសម្រាប់អន្តរជាតិទាំងមូល នៅពេលដែលអ្នកការពារសិទ្ធិមនុស្សបែរជា ស្នើសុំប្រព័ន្ធការពារដែនអាកាសទៅវិញ។ យើងត្រូវតែការពារការខូចខាតបន្ថែមទៀតចំពោះហេដ្ឋារចនាសម្ព័ន្ធស៉ីវិលសំខាន់។ ច្បាប់អន្តរជាតិដែលជាទូទៅការពារពីការប្រើអាវុធ គឺលែងមានប្រសិទ្ធភាពទៀតហើយសម្រាប់ខ្ញុំ ព្រោះមិនអាចបញ្ឈប់ការប្រព្រឹត្តអំពើឃោឃៅរបស់រុស្ស៉ីបានឡើយ»

គួរបញ្ជាក់ថា មជ្ឈមណ្ឌលសម្រាប់សេរីភាពស៊ីវិល រួមជាមួយអ្នកតស៊ូមតិសិទ្ធិមនុស្សបេឡារុស និងអង្គការសិទ្ធិមនុស្សរុស្ស៊ី បានឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ឆ្នើមរបស់ពួកគេ ក្នុងការកត់ត្រាអំពីឧក្រិដ្ឋកម្មសង្គ្រាម ការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានអំណាច៕