(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា ចិនបាន និងកំពុងបង្ក «ផលប៉ះពាល់ជាប្រព័ន្ធ» ដល់ គុណតម្លៃ និងផលប្រយោជន៍របស់ចក្រភពអង់គ្លេស ខណៈ «យុគ្គសម័យមាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស​ និងចិនបានដល់ទីបញ្ចប់ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក រីស៊ី ស៊ូណាក់ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងឡុងដ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមាន សេចក្ដីរាយការណ៍ថាអ្នកសារព័ត៌មាន BBC ម្នាក់ត្រូវគេវាយដុំ ខណៈកំពុងចុះយកព័ត៌មានបាតុកម្មវ៉ាក្នុងទីក្រុងសៀងហៃ។ ថ្លែងនាឱកាសនោះ លោក ស៊ូណាក់ បានគូសបញ្ជាក់ដូច្នេះថា «ចក្រភពអង់គ្លេសចាំបាច់ត្រូវអភិវឌ្ឍយុទ្ធសាស្ត្រចំពោះចិន ដែលកំពុងប្រើអំណាចដែលខ្លួនមានដើម្បី ពង្រីកឥទ្ធិពលនៅលើពិភពលោក»។ លោកបន្ថែមថា វាក៏ច្បាស់ណាស់ដែរថាយុគសម័យមាសបានដល់ទីបញ្ចប់ហើយ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្ម នឹងនាំទៅរកការធ្វើកំណែទម្រង់សង្គម និងនយោបាយដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា បើតាមលោក ស៊ូណាក់ រដ្ឋាភិបាលរបស់លោកនឹងផ្ដល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខឱ្យកាន់តែ ស៊ីជម្រៅ ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕