(ប៉េកាំង)៖ អាជ្ញាធរផ្នែកអវកាសនៃប្រទេសចិន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចិននឹងបាញ់បង្ហោះយាន សិនចូវ-១៥ (Shenzhou-15) ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន នាវេលាយប់ថ្ងៃអង្គារសប្តាហ៍នេះ ដែលវានឹងជាបេសកកម្មចុងក្រោយគេបង្អស់ នៅក្នុងផែនការសាងសង់ស្ថានីយអវកាស ធានហ្កុង (Tiangong)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

អវកាសយានិកចិន៣នាក់ ដែលសុទ្ធតែជាបុរស នឹងធ្វើដំណើរលើយានអវកាស Shenzhou-15។ ពេលទៅដល់ស្ថានីយអវកាស Tiangong ក្រុមអវកាសយានិក៣នាក់មុន ដែលកំពុងស្នាក់នៅទីនោះ តាំងតែពីដើមខែមិថុនា នឹងផ្ទេរការគ្រប់គ្រងទៅឱ្យ​ពួកគេទាំង ៣នាក់វិញម្តង។ អ្នកទាំង៣នឹងត្រូវស្នាក់នៅក្នុងទីអវកាសរយៈពេល៦ខែ មុនត្រឡប់ចុះមកផែនដីវិញ នៅខ្ទង់ខែឧសភា ឆ្នាំក្រោយ។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២១ ចិនបានចាប់ផ្តើមដំណើរការសាងសង់ស្ថានីយអវកាស Tiangong ដែលបន្ទប់ចំនួន៣កំណាត់ ជាមួយការបាញ់បង្ហោះកំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ដែលបម្រើជាកន្លែងរស់នៅចម្បងសម្រាប់អវកាសយានិក និងជាកន្លែងបញ្ជាគ្រប់គ្រង។ ក្រោយមក នៅក្នុងខែកក្កដា និងខែតុលា ឆ្នាំ២០២២នេះ ចិនបានបញ្ជូនកំណាត់បន្ទប់ពីរចុងក្រោយ គឺវិនធាន (Wentian) និងម៉េងធាន (Mengtian) ដែលបម្រើជាមន្ទីរពិសោធ។

ក្រៅពីនេះ ក៏មានបេសកកម្មចំនួន៧ផ្សេងទៀត នាពេលកន្លងមកផងដែរ រួមមានបេសកកម្មបញ្ជូនសម្ភារចំនួន៤ជើង គឺ ធានចូវ-២ (Tianzhou-2) ដល់ធានចូវ-៥ (Tianzhou-5) ហើយនិងបេសកកម្មបញ្ជូនក្រុមអវកាសយានិកចំនួន៣ជើង គឺ សិនចូវ-១២ (Shenzhou-12) ដល់ សិនចូវ-១៤ (Shenzhou-14)។ រីឯបេសកកម្ម Shenzhou-15 គឺជាជាបេសកកម្មសរុបទី១១ និងចុងក្រោយគេបង្អស់ នៅក្នុងផែនការ​សាងសង់ស្ថានីយ Tiangong។ ទោះជាបែបនេះក្តី ចិនក៏មានគម្រោងពង្រីកស្ថានីយអវកាសនេះបន្ថែម នាពេលអនាគតថែមទៀតផង។

គួរបញ្ជាក់ថា ការសម្រេចបាននូវស្ថានីយអវកាសខាងលើ ដែលរចនាឡើងសម្រាប់ធ្វើប្រតិបត្តិការយ៉ាងហោច១០ឆ្នាំ នឹងក្លាយជា​ជោគជ័យដ៏ធំមួយ នៅក្នុងមហិច្ឆតាវិស័យអវកាសរបស់ចិន ខណៈដែលស្ថានីយអវកាសអន្តរជាតិ ISS ដែលដឹកនាំដោយទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) អាចនឹងលែងធ្វើប្រតិបត្តិការបានតទៅទៀត នៅត្រឹមចុងទសវត្សនេះ៕