(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបាដែលកំពុងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តបង្កើនការណែនាំខាងនយោបាយចំពោះ ការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរ ហើយបន្តធ្វើឱ្យទំនាក់ទំនងដ៏មេត្រីភាពនិងវិសេសវិសាល រវាងចិននិងគុយបាមានភាពកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី។

សូមបញ្ជាក់ថា សហគមន៍រួមវាសនារវាងចិននិងគុយបា គឺជាសហគមន៍រួមវាសនាដំបូងគេបង្អស់ ដែលប្រទេសចិនបានបង្កើតជាមួយ ប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនដែលបានចង្អុលបង្ហាញ នូវទិសដៅសម្រាប់អភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងយុគសម័យថ្មី។ ប្រទេសគុយបាគឺជាប្រទេសដំបូងគេបង្អស់ នៅអឌ្ឍគោលខាងលិចដែលបានបង្កើត ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។

លោក Miguel Díaz-Canel Bermúdez គឺជាប្រមុខរដ្ឋនៃប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនដំបូងគេបង្អស់ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ទំនាក់ទំនងរវាងចិននិងគុយបាបានក្លាយជាគំរូ នៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយម និងជួយយកអាសាគ្នាទៅវិញទៅមក ដោយស្មោះត្រង់រវាងប្រទេសកំពុងអភិវឌ្ឍន៍។

បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលសាចុះសាឡើង សម្ពាធដែលសេដ្ឋកិច្ចមានសភាពធ្លាក់ចុះបានកើនឡើង ហើយពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី។ ដោយសារគុយបារងការដាក់ទណ្ឌកម្ម ដោយឯកតោភាគីពីអាមេរិកក្នុងរយៈពេលជាយូរ បានជាការអភិវឌ្ឍរបស់ខ្លួន កំពុងប្រឈមនឹងបញ្ហាជាច្រើន។ ថ្លែងក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គណបក្សទាំងពីរចិននិងគុយបាគួរតែរក្សា ការប្រាស្រ័យទាក់ទងយ៉ាងជិតដិត បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រ ពីគ្នាទៅវិញទៅមក ក៏ដូចជាកសាងឱ្យបានល្អនូវសង្គមនិយម ដែលសមស្របនឹងសភាពការណ៍ជាតិរៀងៗខ្លួន។

ជាការឆ្លើយតប លោក Miguel Díaz-Canel Bermúdez បានលើកឡើងថា គុយបានឹងចាត់ទុកប្រទេសចិនជាគំរូ ដើម្បីប្រឈមមុខដោយផ្ទាល់នូវការសាកល្បងនិងសម្រេចបាននូវគោលដៅនៃការកសាងសង្គមនិយម។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ភាគីទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែង មានភាពកាន់តែស៊ីជម្រៅនិងពួតដៃគ្នាកសាងសង្គមនិយមទំនើប។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី១របស់គុយបា ហើយគុយបាគឺជាដៃគូពាណិជ្ជកម្មធំទីពីរ របស់ចិនក្នុងតំបន់ការ៉ាប៊ីន។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងគុយបា បានកើនឡើង ៧,២ ភាគរយ ហើយក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងតទៅទៀត។

ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលគុយបា នៅប្រទេសចិនលើកនេះក៏បានត្រួសត្រាយ ចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងដើរតួនាទីកាន់តែធំ ក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីនផងដែរ។ បច្ចុប្បន្ននេះ មានប្រទេសអាមេរិកឡាទីនចំនួន២១ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពី «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសចិន។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីនបានឈានដល់ ៤៥០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ អ្នកវិភាគបានចង្អុលបង្ហាញថា ការរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងគុយបា នឹងដើរតួនាទីជាគំរូនៅអាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជា ដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងអាមេរិកឡាទីន ទទួលបានការអភិវឌ្ឍដែលមានភាពកាន់តែល្អប្រសើរក្នុងយុគសម័យថ្មី។

នៅអាមេរិកឡាទីនមានសុភាសិតមួយឃ្លាដែលថា «មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្សនៅម្ខាងទៀត នៃពិភពលោករំភើបចិត្ត»។ សំដៅទៅរកអនាគត ចិននិងគុយបានឹងបន្តធ្វើជា អ្នករួមដំណើរក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍សង្គមនិយម ដៃគូល្អសម្រាប់ការអភិវឌ្ឍរួមនិងជាយុទ្ធមិត្តល្អ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ ដល់ប្រជាជនរបស់ភាគីទាំងពីរឱ្យបានកាន់តែល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន