(សៀងហៃ)៖ ក្រុមបាតុករ និងប៉ូលិសរាប់រយនាក់បានប៉ះទង្គិចគ្នា នៅក្នុងទីក្រុងសៀងហៃ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈបាតុកម្មតវ៉ាប្រឆាំង នឹងការរឹតត្បិតជុំវិញកូវីដ១៩ បានឈានចូលដល់ថ្ងៃទី៣ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រៅតែពីទីក្រុងសៀងហៃ បាតុកម្មតវ៉ាក៏ត្រូវបានគេរាយការណ៍ដែរថាបានកើតឡើងនៅក្នុងទីក្រុងវូហាន (Wuhan) និងទីក្រុងឈិនទូ (Chengdu) ហើយនិស្សិត ជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅតាមសាកលវិទ្យាល័យមួយចំនួន ដើម្បីសម្ដែងការមិនពេញចិត្តរបស់ពួកគេចំពោះគោលនយោបាយរឹតត្បិតពាក់ព័ន្ធនឹងការទប់ស្កាត់ កូវីដ១៩ របស់រដ្ឋាភិបាលចិន។ នៅព្រឹកព្រលឹមថ្ងៃចន្ទនេះដែរ ក្នុងទីក្រុងប៉េកាំង ក្រុមបាតុករចំនួន២ក្រុម មានគ្នាប្រហែលជា ១,០០០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ា ក្នុងថ្ងៃទី៣ នៅតាមដងផ្លូវក្នុងទីក្រុងប៉េកាំង ស្ថិតនៅក្បែរទន្លេលៀងម៉ា (Liangma) និងបានបដិសេធមិនព្រមបំបែកហ្វូងនោះទេ។

យ៉ាងណាក៏ដោយ មិនមានសេចក្ដីរាយការណ៍លម្អិតពីថាតើមានអ្នកត្រូវបានចាប់ខ្លួន ឬក៏រងរបួសនោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល នោះគឺបាតុកម្មតវ៉ាកម្រនឹង កើនឡើងខ្លាំងណាស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង តែម្ដង។ មួយវិញទៀត បើតាមទីភ្នាក់ងារ សារព័ត៌មាន AFP ក្រុមបាតុករមួយចំនួនថែមទាំងបានស្រែកទាមទារលោក ស៊ី ជិនពីងចុះចេញពីតំណែងទៀតផង ហើយមិនតែប៉ុណ្ណោះនៅក្នុងតំបន់ស៊ីនជាំង ក៏មានបាតុកម្មតវ៉ាដែរ ក្រោយមនុស្ស១០នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះអាផាតធឺមិន មួយកន្លែង។