(អូតាវ៉ា)៖ ប្រទេសកាណាដា បានចាប់ផ្តើមយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកថ្មីនៅថ្ងៃអាទិត្យនេះ ដោយសន្យាថានឹងផ្តល់ធនធានបន្ថែមទៀត ដើម្បីដោះស្រាយជាមួយបញ្ហារំខានរបស់ប្រទេសចិន ខណៈពេលដែលខ្លួនកំពុងធ្វើការជាមួយប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ស្តីពីការប្រែប្រួលអាកាសធាតុនិងបញ្ហាពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឯកសារដែលមានកម្រាស់ ២៦ទំព័រ ប្រទេសកាណាដាបាននិយាយថា ខ្លួននឹងជំរុញវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ និងរឹតបន្តឹងច្បាប់វិនិយោគដើម្បីការពារកម្មសិទ្ធិបញ្ញា និងរារាំងសហគ្រាសរដ្ឋរបស់ចិន ពីការចាប់យកការផ្គត់ផ្គង់រ៉ែសំខាន់ៗ។

យុទ្ធសាស្ត្រនេះបាននិយាយថា «ប្រទេសចិនគឺជាមហាអំណាចពិភពលោក ដែលបង្កការរំខានកាន់តែខ្លាំងឡើង។ ប្រទេសចិនប្រាថ្នាចង់រៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ដែលប្រាស់ចាកកាន់តែឆ្ងាយពីលប្រយោជន៍ និងតម្លៃរបស់យើង»

យុទ្ធសាស្ត្រនេះបានលើកឡើងពី ការជ្រៀតជ្រែករបស់ប្រទេសចិនក្នុងកិច្ចការបរទេស និងការអនុវត្តការបង្ខិតបង្ខំកាន់តែខ្លាំងឡើងលើប្រទេសទាំងនោះ ដោយបាននិយាយថា កាណាដានឹងវិនិយោគក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ក៏ដូចជាការស៊ើបការណ៍សម្ងាត់ និងសន្តិសុខតាមអ៊ីនធឺណិត។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅចុងឆ្នាំ២០១៨ បន្ទាប់ពីប៉ូលីសកាណាដាបានឃាត់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei ហើយទីក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដាពីរនាក់ជាបន្តបន្ទាប់ពីបទចារកម្ម។ អ្នកទាំងបីត្រូវបានដោះលែងកាលពីឆ្នាំមុន ប៉ុន្តែទំនាក់ទំនងនៅតែជូរចត់៕