(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលរបស់លោកនឹងពិនិត្យមើល ការប្រើប្រាស់ប្រាក់ឧបត្ថម្ភរបស់ខ្លួន ដើម្បីផ្តល់ជំនួយកាន់តែប្រសើរឡើងដល់អ្នកដែលត្រូវការជំនួយបំផុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានដឹកនាំកកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសកម្មភាពជាតិស្តីពីតម្លៃរស់នៅ លោក អាន់វ៉ា មានប្រសាសន៍ថា វិធីសាស្រ្តពីមុននៃការឧបត្ថម្ភធនទូលំទូលាយ មិនអាចដោះស្រាយបញ្ហាតម្លៃរស់នៅបានយ៉ាងមានប្រសិទ្ធភាពនោះទេ ជាពិសេសក្នុងចំណោមប្រជាជនដែលមានចំណូលទាប និងក្រីក្រ។

នាយករដេ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងផ្តល់ពេលពីរសប្តាហ៍ (ដល់ស្ថាប័នពាក់ព័ន្ធ) ដើម្បីវាយតម្លៃផលប៉ះពាល់ទាំងអស់ នៃការឧបត្ថម្ភធនដែលបានកំណត់ ហើយពិភាក្សាជាមួយវិស័យឯកជន ក៏ដូចជាអ្នកវិនិយោគ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់យល់ថា គោលបំណងនៃការឧបត្ថម្ភធនគឺដើម្បីកាត់បន្ថយបន្ទុកលើជនក្រីក្រ»

លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា ទោះបីលោកមិនប្រឆាំងនឹងការប្រើប្រាស់ប្រាក់ឧបត្ថម្ភនេះក៏ដោយ ប៉ុន្តែត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយបំផុត។

គួរបញ្ជាក់ថា លោក អាន់វ៉ា បានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប៉ុន្តែមិនទាន់បង្កើតគណៈរដ្ឋមន្ត្រីនៅឡើយទេ ដោយបន្តពិភាក្សាជាមួយគណបក្សដទៃទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ៕