(កៀវ)៖ ការធ្លាក់ព្រិលខ្លាំងនៅទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន ត្រូវគេរំពឹងថានឹងចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ ដោយសីតុណ្ហភាពនឹងចុះ​ក្រោមសូន្យអង្សាសេកាន់តែខ្លាំងទាំងយប់ទាំងថ្ងៃ ខណៈប្រជាជនរាប់លាននាក់ ដែលកំពុងរស់នៅក្នុងក៏ដូចជាជុំវិញរដ្ឋធានីមួយនេះ បន្តទទួលបានថាមពលអគ្គិសនីនិងកម្តៅ ក្នុងកម្រិតតិចតួចប៉ុណ្ណោះសម្រាប់ប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុនប្រតិបត្តិករបណ្តាញថាមពលអគ្គិសនី អ៊ុយក្រេណឺហ្កូ (Ukrenergo) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ការផលិតថាមពលអគ្គិសនី គឺអាចផ្គត់ផ្គង់សម្រាប់តែជាង ៥០ភាគរយប៉ុណ្ណោះនៃតម្រូវការ ដែលចាំបាច់ឱ្យមានការរឹតត្បិតលើការប្រើប្រាស់ និងបញ្ហាដាច់ចរន្តអគ្គិសនី នៅពាសពេញផ្ទៃប្រទេស។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា បច្ចុប្បន្ន មានការរឹតត្បិតទៅលើការប្រើប្រាស់ថាមពលអគ្គិសនី នៅតំបន់ចំនួន១៤ ក្នុងចំណោមតំបន់ទាំង២៧ របស់អ៊ុយក្រែន និងនៅរដ្ឋធានីកៀវ សម្រាប់ប្រជាជនជាង ១០០,០០០នាក់ ក្នុងតំបន់នីមួយៗ។

គួរបញ្ជាក់ថា ក្នុងការវាយប្រហារមីស៉ីលរបស់រុស្ស៉ី កាលពីថ្ងៃពុធសប្តាហ៍នេះនៅទូទាំងអ៊ុយក្រែន មនុស្សចំនួន១០នាក់បានបាត់បង់ជីវិត ហើយរោងចក្រថាមពលនុយក្លេអ៊ែរមួយចំនួន ត្រូវបានបង្ខំឱ្យបិទដំណើរការជាបណ្តោះអាសន្ន ខណៈបណ្តាញផ្គត់ផ្គង់ទឹកនិងអគ្គិសនីនៅតាមទីកន្លែងជាច្រើន ត្រូវបានកាត់ផ្តាច់ ជាហេតុនាំឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ គ្មានភ្លើងបំភ្លឺ គ្មានទឹកបរិភោគឬប្រើប្រាស់ និងគ្មានអ្វីផ្តល់កម្តៅសម្រាប់ទប់ទល់ អាកាសធាតុដ៏ត្រជាក់នៃរដូវរងា៕