(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានសម្រេចលាលែងពី តំណែងប្រធានគណបក្សកាន់អំណាច DPP កាលពីថ្ងៃសៅរ៍ បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រី ក្នុងការព្យាយាមយកការបោះឆ្នោតថ្នាក់តំបន់ ធ្វើជាការបង្ហាញភាពតស៊ូជម្នះរបស់ទីក្រុងតៃប៉ិ ប្រឆាំងនឹងការដាក់សម្ពាធរបស់ទីក្រុងប៉េកាំង មិនបានផ្តល់លទ្ធផលតាមការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ការបោះឆ្នោតកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដែលសម្រាប់ជ្រើសរើសអភិបាលក្រុង អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាប្រចាំមូលដ្ឋាន គឺផ្តោតតែទៅលើបញ្ហាក្នុងស្រុកដូចជា វិបត្តិកូវីដ១៩និងឧក្រិដ្ឋកម្មប៉ុណ្ណោះ ហើយអ្នកដែលជាប់ឆ្នោត មិនមានសិទ្ធិសម្រេចអ្វីពាក់ព័ន្ធនឹងគោលនយោបាយចិនដោយផ្ទាល់ឡើយ។ យ៉ាងណាក្តី លោកស្រី សៃ បាននិយាយថា វាមានន័យលើសពីការបោះឆ្នោតថ្នាក់តំបន់ធម្មតាៗ ដ្បិតពិភពលោកកំពុងសម្លឹងមើលថាតើ តៃវ៉ាននឹងការពារប្រជាធិបតេយ្យរបស់ខ្លួនដោយរបៀបណា នៅចំពោះមុខភាពតានតឹងយោធាជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះត្រឹមជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។
ក្នុងការបោះឆ្នោតខាងលើ គណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់គឺ គូមីនតាង (Kuomintang ឬ KMT) ដណ្តើមបានតំណែងអភិបាលក្រុង និងស្រុកចំនួន១៣ ក្នុងចំណោម២១ រួមទាំងនៅទីក្រុងតៃប៉ិផងដែរ ស្របពេលដែលគណបក្ស DPP យកបានតែ៥ប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការរបស់គណបក្ស អំពីការលាលែងជាប្រធានបក្ស DPP លោកស្រី សៃ បាននិយាយដូច្នេះថា «លទ្ធផលគឺខុសពីការរំពឹងទុករបស់យើង ដូច្នេះហើយយើងទទួលយកលទ្ធផលនេះ ក៏ដូចជាទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់»។
កាលពីការបោះឆ្នោតថ្នាក់តំបន់ឆ្នាំ២០១៨ លោកស្រី សៃ អ៉ីងវិន ក៏បានលាលែងពីតំណែងប្រធានបក្សដូចគ្នាដែរ ក្រោយទទួលលទ្ធផលមិនបានល្អ។ លោកស្រី សៃ បានឱ្យដឹងថា លោកស្រីបានបដិសេធសំណើលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តី លោក ស៊ូ សេងចាង (Su Tseng-chang) ដែលជាសមាជិកជាន់ខ្ពស់មួយរូបនៅក្នុងបក្ស DPP ដោយលោកស្រីបានស្នើឱ្យលោកនៅបន្តកាន់តំណែងដដែល ដើម្បីធានាថាគោលនយោបាយនានារបស់លោកស្រី នឹងត្រូវអនុវត្តបានត្រឹមត្រូវ។
ពាក់ព័ន្ធការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ ខាងទីក្រុងប៉េកាំងបានលើកឡើងថា លទ្ធផលដែលចេញមកបានបង្ហាញថា ការយល់ឃើញរបស់ប្រជានតៃវ៉ាន់ទូទៅ គឺពួកគេចង់បានសុខសន្តិភាព ស្ថិរភាព និងការរស់នៅល្អប្រសើរ ហើយទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយប្រជាជនតៃវ៉ាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងសន្តិភាព ព្រមទាំងប្រឆាំងនឹងចលនាឯករាជ្យតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែកពីបរទេស។
គួរបញ្ជាក់ថា នាពេលនេះការផ្តោតសំខាន់ នឹងត្រូវបង្វែរទៅរកការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលលោកស្រី សៃ និងបក្ស DPP បានទទួលជ័យជម្នះក្នុងសំឡេងភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២០ តាមរយៈការសន្យាក្រោកឈរតតាំងជាមួយចិន ហើយប្តេជ្ញាការពារសិទ្ធិសេរីភាពរបស់តៃវ៉ាន់។ បច្ចុប្បន្នលោកស្រី សៃ កំពុងស្ថិតក្នុងការកាន់អំណាចនៅអាណត្តិទី២ ដូច្នេះហើយលោកស្រីនឹងមិនអាចឈរឈ្មោះជាប្រធានាធិបតីម្តងទៀតឡើយ ដោយសារការកំណត់អាណត្តិប្រធានាធិបតីត្រឹម២អាណត្តិ៕