(កៀវ)៖ ជំនួយការប្រធានាធិបតីជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍នេះថា អគ្គិសនីត្រូវបានស្ដារឡើងវិញនៅក្នុងទីក្រុងខឺសុន (Kherson) ភាគខាងត្បូង ជាទីដែលកងកម្លាំងរបស់ខ្លួនទើបនឹងរំដោះបានមកវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីក្រុងខឺសុន ភាគខាងត្បូង ​គ្មាន​ភ្លើង​អគ្គិសនី កំដៅ​ និង​ទឹក​ប្រើប្រាស់​ឡើយ នៅ​ពេល​កងកម្លាំង​អ៊ុយក្រែន​ដណ្តើម​យក​បាន​វិញ​កាលពីថ្ងៃទី១១ ​ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គ្រីរីឡូ ទីម៉ូឆិនកូ (Kyrylo Tymoshenko) អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងតាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «ដំបូងឡើយ យើងផ្គត់ផ្គង់ថាមពលដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ទីក្រុង ហើយបន្ទាប់មកយើងនឹងផ្តល់ដល់អ្នកប្រើប្រាស់ក្នុងគ្រួសារ»

គួរបញ្ជាក់ថា កងទ័ពរុស្ស៊ីបានវាយដណ្តើមយកទីក្រុងខឺសុន បានភ្លាមៗបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយជារដ្ឋធានីក្នុងតំបន់តែមួយគត់ដែលពួកគេបានគ្រប់គ្រង។ ទោះជារុស្ស៉ីបានដកថយ ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីនៅតែបន្តវាយលុកទីក្រុងនេះ ឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro)៕