(កៀវ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអ៊ុយក្រែន បានឱ្យដឹងថាការវាយប្រហាររបស់រុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានសម្លាប់ជនស៊ីវិល១៥នាក់ ខណៈ ក្រុមវិស្វករអ៊ុយក្រែនកំពុងព្យាយាមស្ដារហេដ្ឋារចនាសម្ព័ន្ធកម្ដៅ ថាមពល និងទឹកស្អាតមួយចំនួនឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ការវាយប្រហាររបស់រុស្ស៉ី លើទីក្រុងខឺសុន (Kherson) ដែលទាហានអ៊ុយក្រែនទើបតែដណ្ដើមកាន់កាប់មកវិញ គឺជាការវាយប្រហារផ្ដាច់ជីវិតមនុស្ស ច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មន្ត្រីអ៊ុយក្រែនម្នាក់ក្នុងទីក្រុងខឺសុន ឈ្មោះ ហ្កាលីណា លូហ្គូវ៉ា (Galyna Lugova) បានគូសបញ្ជាក់ដូច្នេះថា «ស៊ីវិល១៥នាក់បានស្លាប់ និង៣៥នាក់ ក្នុងនោះមានកុមារម្នាក់បានរងរបួស នៅក្នុងការបាញ់ផ្លោងពីសំណាក់សត្រូវ (ទាហានរុស្ស៉ី) រីឯអគារ និងផ្ទះជាច្រើនខ្នងរងការខូចខាត»។

គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតី ហ្សេលេនស្គី ប្រជាជនអ៊ុយក្រែនច្រើនជាង ៦លាននាក់ នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់ ចំពេលរដូវរងាបាន ចូលមកហើយ បន្ទាប់ពីរុស្ស៉ីវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ៕