Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៉ី បន្តកើនដល់៣១០នាក់

25-11-2022 17:54

(ហ្សាការតា)៖ ទីភ្នាក់ងាគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនអ្នកបាត់បង់ជីវិតដោយសារ គ្រោះរញ្ជួយផែនដីដែលបានអង្រួនកោះជ្វា របស់ប្រទេសអាស៊ានមួយនេះ កាលពីប៉ុន្មានថ្ងៃកន្លងទៅ គឺបានកើនដល់៣១០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ូហារីអាន់តូ (Suharyanto) ប្រមុខទីភ្នាក់ងារខាងលើ ក៏បានឱ្យដឹងបន្ថែមថា មនុស្សចំនួន២៤នាក់ទៀត កំពុងបន្តបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានបង្កឱ្យមានបំណាក់ដី និងអគារជាច្រើនខ្នងដួលរំ នៅក្រុងសៀនជួរ (Cianjur) នៃខេត្តជ្វាខាងលិច (West Java) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

គួរបញ្ជាក់ថា វាគឺជាហេតុការណ៍រញ្ជួយដី ដែលបានផ្តាច់ជីវិតមនុស្សច្រើនបំផុត នៅប្រទេសឥណ្ឌូណេស៉ី គិតចាប់តាំងពីឆ្នាំ២០១៨ មកជាពេលដែលការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ បានវាយប្រហារទីក្រុងប៉ាលូ (Palu) នៃខេត្តស៊ូឡាវេស៉ី (Sulawesi) ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ ការរអិលបាក់ដី និងសម្លាប់មនុស្សសរុបជាង ៤,០០០នាក់៕