(មូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងថា នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបជាមួយម្តាយរបស់កងទ័ពរុស្ស៉ីនានា ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ខណៈសង្រ្គាមដ៏ប្រល័យបំផុតប្រចាំនៅតំបន់អ៉ីរ៉ុបមួយនេះ គិតចាប់តាំងតែពីសង្រ្គាមលោកលើកទី២មក ឈានចូលដល់ខែទី១០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមសហរដ្ឋអាមេរិក សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានធ្វើឱ្យកងទ័ពទាំងសងខាងស្លាប់និងរបួសរាប់ម៉ឺននាក់ ហើយជម្លោះនេះបានបង្កឱ្យមានការប្រឈមមុខគ្នាខ្លាំងក្លាបំផុត រវាងរុស្ស៉ីនិងក្រុមលោកខាងលិច ចាប់តាំងពីវិបត្តិមីស៉ីលគុយបា ឆ្នាំ១៩៦២មក។
ទាហានរុស្ស៉ីរាប់សែននាក់ ត្រូវបានបញ្ជូនឱ្យទៅប្រយុទ្ធក្នុងសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងមួយចំនួន នៃទាហានបម្រុងជាង ៣០០,០០០នាក់ ដែលត្រូវបានកោះហៅ នៅក្រោមចំណាត់ការកេណ្ឌទ័ពបន្ថែម ដែលប្រកាសដោយលោកប្រធានាធិបតីរុស្ស៉ី កាលពីខែកញ្ញា។
វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា «ខណៈទិវាអ្នកម្តាយខិតជិតមកដល់ ដែលជាទូទៅប្រារព្ធឡើងក្នុងប្រទេសរុស្ស៉ី នៅថ្ងៃអាទិត្យចុងក្រោយនៃខែវិច្ឆិកា លោក វ៉្លាឌីមៀ ពូទីន នឹងជួបជាមួយម្តាយរបស់កងទ័ពទាំងឡាយ ដែលកំពុងចួលរួមនៅក្នុងប្រតិបត្តិការយោធាពិសេស (សង្រ្គាមនៅអ៊ុយក្រែន)»។ បើតាមវិមានក្រឹមឡាំង លោក ពូទីន នឹងជួបជាមួយម្តាយទាហានបម្រុង ព្រមទាំងជាមួយម្តាយរបស់កងកម្លាំងប្រដាប់អាវុធអាជីព។
លោក ពូទីន ធ្លាប់បានអះអាងថា លោកមិនស្តាយក្រោយបន្តិចសោះឡើយ អំពីការចាប់ផ្តើមនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» ប្រឆាំងលើអ៊ុយក្រែន ហើយបានប្រកាសអះអាងថា សង្រ្គាមនេះគឺជាពេលដែលរុស្ស៉ីត្រូវងើបឈរឡើង ប្រឆាំងនឹងអនុត្តរភាពរបស់ លោកខាងលិចដ៏ក្រអឺតក្រទម ក្រោយរងការមើលងាយធ្វើបាបក្រោមក្តីអាម៉ាស់ អស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នៅឆ្នាំ១៩៩១។
រីឯអ៊ុយក្រែននិងក្រុមលោកខាងលិចវិញ បានលើកឡើងថា លោក ពូទីន ពុំមានហេតុផលត្រឹមត្រូវអ្វីនោះឡើយ សម្រាប់ទង្វើដែលពួកគេហៅថាជា ការធ្វើសង្រ្គាមបែបចក្រពត្តិដើម្បីត្រួតត្រាប្រទេសដទៃ។ ទីក្រុងកៀវបានប្តេជ្ញាថា ខ្លួននឹងប្រយុទ្ធដល់ចុងបញ្ចប់ គឺទាល់តែទាហានរុស្ស៉ីចុងក្រោយ ត្រូវបានវាយបណ្តេញឱ្យចេញផុតពីទឹកដីអ៊ុយក្រែន។
គួរបញ្ជាក់ថា អ៊ុយក្រែនមិនបានបង្ហើបអំពីចំនួនទាហានខ្លួន ដែលបាត់បង់ក្នុងសង្រ្គាមឡើយ។ ចំណែកលើកចុងក្រោយដែលរុស្ស៉ី អះអាងពីតួលេខនៃកងទ័ព ដែលខ្លួនបានបាត់បង់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺកាលពីថ្ងៃទី២១ ខែកញ្ញា នៅពេលរដ្ឋមន្រ្តីការពារជាតិ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយថា ទាហានរុស្ស៉ី៥,៩៣៧នាក់បានស្លាប់។ ប៉ុន្តែចំនួននេះគឺទាបខ្លាំងណាស់ បើធៀបនឹងតួលេខប៉ាន់ស្មានរបស់អន្តរជាតិ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា មេទ័ពកំពូលរបស់អាមេរិក បានប៉ាន់ប្រមាណថា រុស្ស៉ីនិងអ៊ុយក្រែនម្ខាងៗ គឺអាចមានទាហានរហូតដល់ជាង ១០០,០០០នាក់ ស្លាប់ឬរបួស៕