(សិង្ហបុរី)៖ ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានអញ្ជើញនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ី គឺលោក អាន់ វ៉ាអ៉ីប្រាហ៉ីម (Anwar Ibrahim) មកបំពេញទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី នាពេលឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក លី បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំបានស្គាល់ លោក អាន់វ៉ា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជាការពិតណាស់ សិង្ហបុរី និងម៉ាឡេស៊ី គឺជាដៃគូជិតស្និទ្ធ។ ប្រទេសរបស់យើងតែងតែចែករំលែកនូវមិត្តភាពដ៏យូរអង្វែងមួយ ដែលត្រូវបានគាំទ្រដោយទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងទំនាក់ទំនងបុគ្គលដ៏រឹងមាំ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយគាត់ និងរដ្ឋាភិបាលម៉ាឡេស៉ីថ្មី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបន្ថែមទៀត»

ជាការឆ្លើយតបឆ្លើយតបនឹងសារអបអរសាទររបស់លោក លី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក អាន់វ៉ា ក៏បានសរសេរនៅលើ Twitter ថា «ក្នុងនាមជាប្រទេសជិតខាង និងដៃគូអាស៊ាន ម៉ាឡេស៊ី និងសិង្ហបុរី ក៏ចែករំលែកកិច្ចសហប្រតិបត្តិការជាច្រើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន យ៉ាងជិតស្និទ្ធ និងសកម្មបំផុត។ ខ្ញុំទន្ទឹងរង់ចាំជួបលោក លី ក្នុងឱកាសដំបូងបំផុត និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-សិង្ហបុរី បន្ថែមទៀត»

គួរបញ្ជាក់ថា លោក លី សៀនឡុង និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម ធ្លាប់បានជួបគ្នាលើកចុងក្រោយ ក្នុងពេលដែលលោកនាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៉ីរូបនេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសិង្ហបុរី ស្តីពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងសិង្ហបុរី និងម៉ាឡេស៊ី កាលពីឆ្នាំ២០១៨៕