(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ីថ្មីលោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) នៅថ្ងៃសុក្រនេះបាននិយាយថា ការផ្តោតសំខាន់ជាចម្បងរបស់លោកនាពេលនេះ គឺបញ្ហាតម្លៃសម្រាប់ការរស់នៅរបស់ប្រជាជន ខណៈលោកឡើងកាន់តំណែង ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ហើយស្ថិតក្នុងសភាពប្រេះឆា ក្រោយការបោះឆ្នោតសកល ដែលមានលទ្ធផលប្រកៀកប្រកិតគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អាន់វ៉ា អាយុ៧៥ឆ្នាំ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានជ្រើសតាំងដោយ ព្រះមហាក្សត្រ ក្រោយការបោះឆ្នោតដែលមិនមានក្រុមគណបក្សចម្រុះណាមួយ ឈ្នះសំឡេងភាគច្រើនក្នុងសភា។ ក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមបំពេញការងារ លោក អាន់វ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្តីបារម្ភចម្បងរបស់លោកគឺសេដ្ឋកិច្ច ដោយ​លោកនឹងព្យាយាមដោះស្រាយ បញ្ហាតម្លៃជីវភាពរស់របស់ប្រជាជន។ ដោយឡែក ទំហំគណៈរដ្ឋមន្រ្តីរបស់លោក ក៏នឹងតូចជាង​រដ្ឋបាលមុនៗផងដែរ។

ជាមួយគ្នានេះ លោក អាន់វ៉ា ថែមទាំងបានអះអាងថា មកទល់ឥឡូវ ការគាំទ្រសម្រាប់ក្រុមចម្រុះរបស់លោក គឺលើសពី២ភាគ៣ នៅក្នុងសភា ហើយលោកនឹងស្នើឱ្យសភាកោះប្រជុំនៅថ្ងៃទី១៩ ខែតុលាខាងមុខ ដើម្បីរៀបចំធ្វើការបោះឆ្នោតលើសេចក្តីទុកចិត្ត ដើម្បីបញ្ជាក់ពីការគ្រប់គ្រងសំឡេងភាគច្រើនរបស់លោក។ សំឡេង២ភាគ៣ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលលោក អាន់វ៉ា អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន ខណៈចាប់តាំងពីឆ្នាំ២០០៨មក មិនធ្លាប់មានរដ្ឋាភិបាលម៉ាឡេស៉ីណា ដែលក្តោបក្តាប់សំឡេងភាគច្រើនបែបនេះឡើយ នៅក្នុងរដ្ឋសភា។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលកាលពីថ្ងៃសៅរសប្តាហ៍កន្លងទៅ បានមើលឃើញក្រុមគណបក្សចម្រុះ PH របស់លោក អាន់វ៉ា ហើយនិងគណបក្សចម្រុះ PN របស់លោក មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) ឈ្នះអាសនៈប្រកៀកប្រកិតគ្នា គឺក្រុមលោក អាន់វ៉ា ទទួលបាន៨២អាសនៈ ខណៈក្រុមរបស់លោក មូយីដឌីន ទទួលបាន៧៣អាសនៈ ប៉ុន្តែសុទ្ធតែមិនគ្រប់១១១អាសនៈ ឬស្មើនឹង ៥០ភាគរយ ដែលចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាល។

ប្រការនេះបានធ្វើឱ្យស្ថានការណ៍ ស្ថិតក្នុងសភាជាប់គាំងអស់រយៈពេល៥ថ្ងៃ រហូតទាល់តែព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានសម្រេចព្រះទ័យកាលពីថ្ងៃព្រហស្បតិ៍ជ្រើសរើស លោក អាន់វ៉ា ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តី បន្ទាប់ទ្រង់បានជួបជាមួយអ្នកនយោបាយ និងសមាជិកសភាជាច្រើនរូប ហើយព្រមទាំងបានកោះប្រជុំ ក្រុមប្រឹក្សាព្រះចៅស៊ូលតង់ម៉ាឡេស៉ី លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី៕