(អាំស្ទែដាំ)៖ ព្យុះភ្លៀងនៃការមកដល់រវាងជនភៀសខ្លួនអាស៉ី និងអ៊ុយក្រែនដែលរត់គេចចេញពីសង្រ្គាម បានបង្ហាញឲ្យឃើញនូវ «ការរើសអើងជាតិសាសន៍» នៅបណ្តាប្រទេសអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទូលបន្ទុកជនភៀសខ្លួន បានឲ្យដឹងថា ជនជាតិអ៊ុយក្រែនប្រមាណ ៤.៤លាននាក់ ត្រូវបានចុះឈ្មោះក្នុងប្រព័ន្ធច្បាប់ទទួលស្គាល់ថា ជាជនភៀសខ្លួននៅទូទាំងសហភាពអឺរ៉ុប ហើយភាគច្រើននៃពួកគេបានទទួលអត្ថប្រយោជន៍ពីការការពារបណ្តោះអាន្ន សម្រាប់ការស្នាក់នៅក្នុងប្លុកនេះ។

លោកស្រី មីឡេណា ហ្សាចូវ៉ិច (Milena Zajovic) សកម្មជនសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យរបស់ Are You Syrious ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយដល់ជនភៀសខ្លួន ដែលបានចូលសហភាពអឺរ៉ុបតាមរយៈតំបន់បាល់កង់ បាននិយាយថា តាមគោលការណ៍ណែនាំ គឺមានការបើកចំហព្រំដែន ការអនុញ្ញាតសម្រាប់ការងារ ការថែទាំសុខភាព និងផ្តល់កន្លែងស្នាក់នៅ។ ប៉ុន្តែការពិតគឺផ្ទុយទាំងស្រុងសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន មកពីប្រទេសអាហ្វហ្គានីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា និងបណ្តាប្រទេសអាស៊ីខាងត្បូងផ្សេងទៀត ហើយវាមានភស្តុតាងច្បាស់លាស់ពីការរើសអើងជាតិសាសន៍លើប្រភពនៃជនភៀសខ្លួន។

លោកស្រី ហ្សាចូវ៉ិច បានបន្ថែមថា ៨០% នៃប្រជាជនដែលភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំមុនមក មិនត្រូវបានចាត់ទុកថាជាករណីត្រឹមត្រូវនោះទេ ហើយមានតែមនុស្សប្រហែល ១០០នាក់ប៉ុណ្ណោះ ដែលបាអនុញ្ញាតឲ្យចូលប្រទេសក្រូអាស៉ី ដោយស្របច្បាប់។ អ្នកខ្លះត្រូវបានបង្ខំឲ្យត្រឡប់ទៅផ្ទះ អ្នកខ្លះបន្តដំណើរដ៏គ្រោះថ្នាក់ ដោយសង្ឃឹមថាពួកគេនឹងរកឃើញទីសុវត្ថិភាព ហើយអ្នកដែលនៅសេសសល់នឹងត្រូវស្លាប់។ ដោយឡែក សម្រាប់ប្រជាជនអ៊ុយក្រែនវិញ អាជ្ញាធរក្រូអាស៉ី បានបង្កើតមជ្ឈមណ្ឌលទទួលភ្ញៀវពិសេស សម្រាប់ត្រៀមទទួលជនភៀសខ្លួនជាង ២០,០០០នាក់។

ដោយឡែក អង្គការលើកលែងទោសអន្តរជាតិ ក៏បានឲ្យដឹងផងដែរថា នៅក្នុងប្រទេសលីទុយអានី អ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសអាហ្វហ្គានីស្ថាន និងស្រីលង្កា បានកំពុងរស់នៅក្នុងការជាប់ពន្ធនាគារ។ រីឯ ជនជាតិអ៊ុយក្រែនត្រូវបានផ្តល់ការការពារបន្ថែម ស្របពេលដែលច្បាប់មួយផ្សេងទៀតត្រូវបានស្នើឡើង ដើម្បីរុញច្រានប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោនពីប្រទេសផ្សេង។ លំហូរជនភៀសខ្លួននៅលីទុយអានី ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើចំណាកស្រុកពីបេឡារុស ដែលត្រូវបានចោទប្រកាន់ថាបានបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនតាមព្រំដែន ឲ្យចូលទៅក្នុងសហភាពអឺរ៉ុប។

ចំណែក ជនចំណាកស្រុកមិនមែនជាជនជាតិអ៊ុយក្រែនមួយចំនួន ដែលចូលមកសហភាពអឺរ៉ុប ក៏ត្រូវរស់នៅដោយមិនសមរម្យក្នុងប្រទេសហូឡង់ដែរ។ ស្នងការអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងពីបញ្ហារបស់មជ្ឈមណ្ឌលសិទ្ធិជ្រកកោន តឺ អាប៉ែល (Ter Apel) ដោយជំរុញឲ្យរដ្ឋមន្ត្រីការបរទេសហូឡង់ ទទួលបន្ទុកកិច្ចការផ្តល់សិទ្ធិជ្រកកោណ លោក អេរ៉ិច វ៉ាន់ឌឺបឺគ (Eric van der Burg) បង្កើនកិច្ចខំប្រឹងប្រែងឲ្យរដ្ឋាភិបាលធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាបានូវលក្ខខណ្ឌចាំបាច់សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ៕