(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រីលោក វីចទ័រ អ័របាន (Viktor Orban) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សភាហុងគ្រី នឹងផ្តល់សច្ចាប័នចំពោះសមាជិកភាពអង្គការណាតូ (NATO) សម្រាប់ប្រទេសហ្វាំងឡង់និងស៊ុយអែត នៅកំលុងដើមឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តីហុងគ្រីបានអះអាងថា រដ្ឋាភិបាលរបស់លោកបានសម្រេចរួចហើយថា ហុងគ្រីនឹងគាំទ្រចំពោះការទទួលយក ហ្វាំងឡង់និងស៊ុយអែតឱ្យចូលរួមក្នុង NATO ហើយសភាហុងគ្រីនឹងបញ្ចូលរឿងនេះ ទៅក្នុងរបៀបវារៈនៅឯសម័យប្រជុំដំបូងរបស់​ខ្លួននាឆ្នាំក្រោយ។ នៅប្រទេសហុងគ្រី ជាទូទៅសភាតែងតែបើកសម័យប្រជុំថ្មី នៅខ្ទង់ពាក់កណ្តាលខែកុម្ភៈ។

តាមពិតទៅ រដ្ឋាភិបាលហុងគ្រីបានបញ្ជូនឯកសារពាក់ព័ន្ធ តាំងពីខែកក្កដាមកម្ល៉េះ ប៉ុន្តែសភាហុងគ្រី ដែលគណបក្សកាន់អំណាច ហ្វីដេហ្ស (Fidesz) របស់លោក អ័របាន កាន់កាប់ក្នុងសំឡេងភាគច្រើន២ភាគ៣នោះ គឺមិនទាន់បានយកសេចក្តីព្រាងច្បាប់ទាំងពីរ មកធ្វើការជជែកដេញដោលមតិ និងអនុម័តនៅឡើយទេ។

គួរបញ្ជាក់ថា ចាប់ពីហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យស្នើសុំចូលជាសមាជិក កាលពីខែឧសភា មកទល់ឥឡូវ គឺនៅសល់តែ ហុងគ្រីហើយនិងតួកគីប៉ុណ្ណោះ ក្នុងចំណោមសមាជិក NATO ទាំង៣០ ដែលមិនទាន់ផ្តល់សច្ចាប័នជាផ្លូវការ ចំពោះសមាជិកភាព​របស់ប្រទេសទាំងពីរ៕