(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk yeol) បានព្រមានថារដ្ឋាភិបាលអាចនឹងប្រើជម្រើសបំបែកកូដកម្មទូទាំងប្រទេស ដែលធ្វើឡើងដោយក្រុមរថយន្តដឹកទំនិញ ដោយចាត់ទុកជាទង្វើខុសច្បាប់និងមិនអាចទទួលយកបាន ក្នុងការយកខ្សែសង្វាក់ផ្គត់ផ្គង់ជាតិជា «ចំណាប់ខ្មាំង» ចំពោះមុខវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សហជីពកម្មករដឹកទំនិញរាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មធំលើកទី២ របស់ពួកគេក្នុងរយៈពេលតិចជាង៦ខែ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបញ្ហានេះកំពុងបង្ហាញសញ្ញានៃការរំខានដល់ឧស្សាហកម្មជាច្រើន សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី១០ របស់ពិភពលោកមួយនេះ។

លោក យូន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «សាធារណជននឹងមិនអត់ឱនឱ្យចំពោះការយកប្រព័ន្ធដឹកជញ្ជូនធ្វើជាចំណាប់ខ្មាំង នៅពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិនោះឡើយ»

លោក យូន បានបន្ថែមថា «ការនាំចេញ គឺជាគន្លឹះដែលអាចយកឈ្នះលើអស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ ប្រសិនបើភាពគ្មានទំនួលខុសត្រូវចំពោះវិស័យដឹកជញ្ជូននៅតែបន្ត រដ្ឋាភិបាលនឹងគ្មានជម្រើសអ្វីក្រៅពីការពិនិត្យឡើងវិញនូវវិធានការមួយចំនួន រួមទាំងការដាក់ចេញនូវបទបញ្ជាបង្រ្កាបជាធរមាន»

គួរបញ្ជាក់ថា តាមច្បាប់របស់កូរ៉េខាងត្បូង អំឡុងពេលមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូន រដ្ឋាភិបាលអាចនឹងចេញបទបញ្ជាមួយ ដែលបង្ខំឲ្យមានដឹកជញ្ជូនកម្មករត្រឡប់ទៅធ្វើការវិញ។ ហើយអ្នកមិនអនុវត្តតាមនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៣០លានវ៉ុន ឬស្មើនឹង ២២,៥៥០ដុល្លារ៕