(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានច្រានចោលការចោទប្រកាន់ដែលថាការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺមានគោលដៅលើជនស៊ីវិល ជាមួយការសង្កត់ធ្ងន់ថាទីក្រុងកៀវ អាចបិទបញ្ចប់ការឈឺចាប់នៃប្រជាជនរបស់ខ្លួនបាន ដោយបំពេញតាមការស្នើសុំពីរុស្ស៉ី ដើម្បី បញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធកន្លងទៅ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមវីដេអូមួយថា ការវាយប្រហារ របស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពេលដែលរដូវរងាចូលមកដល់ និងបន្ទាប់ពីសភាអឺរ៉ុបបានប្រកាស ចាត់ទុករុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ ប្រាប់អ្នកសារព័ត៌មានថាគ្មានឡើយការវាយប្រហារដែល គោលដៅលើជនស៊ីវិល ហើយថាគោលដៅវាយប្រហារទាំងដោយផ្ទាល់ និងប្រយោលសុទ្ធតែជាគោលដៅយោធា។

មួយវិញទៀត នៅពេលត្រូវបានសាកសួរថាតើការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន អាចនឹងបញ្ចប់ដោយបៀបណា? អ្នកនាំពាក្យរូបនេះបាននិយាយថា អ៊ុយក្រែនអាចបិទបញ្ចប់ការឈឺចាប់នៃប្រជាជនរបស់ខ្លួនបាន ដោយបំពេញតាមការស្នើសុំពីរុស្ស៉ី។ កន្លងមក ប្រធានាធិបតីលោក ពូទីន ក៏ធ្លាប់បានបញ្ជាក់ដែរថា រុស្ស៉ីគ្មានចេតនាបំផ្លាញអ៊ុយក្រែនឡើយ តែអ្វីដែលគេកំពុងឃើញ នោះគឺការវាយប្រហាររបស់រុស្ស៉ីបានធ្វើឱ្យប្រជាជនអ៊ុយក្រែនគ្មានអគ្គិសនី និងទឹកប្រើប្រាស់ គ្រប់គ្រាន់ ខណៈរដូវរងាចូលមកដល់៕