(ប្រាក)៖ ក្រុមហ៊ុនផលិតអាវុធនៅក្នុងតំបន់អឺរ៉ុប បាន និងកំពុងសម្រុកផលិតកាំភ្លើង គ្រាប់កាំភ្លើងធំ និងបរិក្ខារយោធាជាច្រើនទៀត ជាលក្ខណៈទ្រង់ទ្រាយធំ និងក្នុងល្បឿនលឿនមួយមិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ខណៈរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត កំពុងប្រឹងប្រែងផ្ដល់ជំនួយ ដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បាន និងកំពុងបន្តផ្ដល់អាវុធ និងជំនួយជាច្រើនទៀតឱ្យទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបានឈ្លានពានចូលអ៊ុយក្រែនកាលពី ថ្ងៃទី២៤ ខែកុម្ភៈមក ប៉ុន្តែក្នុងពេលជួយអ៊ុយក្រែន អាវុធនៅក្នុងឃ្លាំងរបស់ពួកគេក៏កំពុងថយចុះដែរ ដែលតម្រូវឱ្យមានការបំពេញឃ្លាំងស្ដុកអាវុធឡើងវិញ និងបន្ត ជួយទីក្រុងកៀវផង។ បើតាម Reuters ក្រុមហ៊ុនផលិតអាវុធ និងមន្ត្រីរដ្ឋាភិបាលមកពីប្រទេសប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែក កំពុងបង្កើនការផលិតអាវុធ និងជ្រើសរើសបុគ្គលិកបន្ថែម ហើយក្នុងនោះក្រុមហ៊ុនផលិតអាវុធប៉ូឡូញ PGZ មានផែនការវិនិយោគ ១.៨ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដើម្បី បង្កើនការផលិតអាវុធចាប់ពីរថពាសដែក រហូតដល់យន្ដហោះដ្រូន។
គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន Kiel Institute សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាប្រទេសដែលផ្ដល់ជំនួយដោយផ្ទាល់ឱ្យអ៊ុយក្រែនធំជាងគេបំផុត ចាប់ពី ថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី៣ ខែតុលា ខណៈប៉ូឡូញ ឈរនៅលេខរៀងទី៣ និងសាធារណរដ្ឋឆែក លេខ៩៕