(ប៉ារីស)៖ អាជ្ញាធរអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចាប់ខ្លួនអតីតកីឡាករបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ម្នាក់ មានដើមកំណើតឃើដ និងដែលបានបង្ហាញ ការគាំទ្រយ៉ាងខ្លាំងដល់បាតុកម្មតវ៉ា ដែលកំពុងអង្រួនប្រទេសចាប់តាំងពីខែកញ្ញមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ ហ្វាស់ (Fars) អតីតកីឡាករបាល់ទាត់ ឈ្មោះវ៉ូរីយ៉ា ហ្កាហ្វូរី (Voria Ghafouri) ធ្លាប់បង្ហាញឱ្យក្រុមជម្រើសជាតិអ៉ីរ៉ង់ចំនួន ២៨លើក រហូតដល់ឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅក្នុងក្លឹបបាល់ទាត់មួយ ជុំវិញការចោទប្រកាន់ថាបានឃោសនាព័ត៌មានប្រឆាំងនឹង សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។
គួរបញ្ជាក់ថា អ៉ីរ៉ង់ កំពុងស្ថិតនៅក្នុងភាពចលាចលផ្ទៃក្នុង នៃបាតុកម្មវ៉ាចាប់តាំងពីខែកញ្ញាមកម្ល៉េះ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះម៉ាហាសា អាមីនី (Mahsa Amini) មានអាយុ២២ម្នាក់បានស្លាប់ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអ៉ីរ៉ង់។ Mahsa Amini ដែលមានដើមកំណើតជាជនជាតិឃើដដែរនោះ ត្រូវបានប៉ូលិសសីលធម៌ អ៉ីរ៉ង់ចាប់ឃុំខ្លួន ដោយសារតែស្លៀកសម្លៀកបំពាក់មិនសមរម្យសម្រាប់ស្ត្រី នៅក្នុងប្រទេសអ៉ីរ៉ង់៕