(គូឡាឡាំពួ)៖ នៅទីបំផុតទៅ នៅថ្ងៃព្រហស្បតិ៍នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស ម៉ាឡេស៊ីជាផ្លូវការហើយ ក្រោយព្រះមហាក្សត្រម៉ាឡេស៉ី បានសម្រេចជ្រើសរើសរូបលោកឱ្យធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បានបន្ទាប់ពី ការជាប់គាំងអស់ប៉ុន្មានថ្ងៃ ក្រោយការបោះឆ្នោតសកល។

មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានធ្វើការសម្រេចដូចខាងលើ បន្ទាប់ពីទ្រង់បាន កោះប្រជុំក្រុមប្រឹក្សាពិសេសមួយ ដើម្បីទទួលយកការយល់ឃើញពីព្រះចៅស៊ូលតង់ដទៃទៀត លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។ បើតាមព្រះរាជបន្ទូលទ្រង់ ទ្រង់មានព្រះទ័យជឿជាក់ថា លោក អាន់វ៉ា ហើយនិងក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោកមានសំឡេងគាំទ្រ គ្រប់គ្រាន់នៅក្នុងសភា សម្រាប់ឈានទៅបង្កើតរដ្ឋាភិបាល ដើម្បីដឹកនាំម៉ាឡេស៉ីក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ក្រុមចម្រុះ PH របស់លោក អាន់វ៉ា និងក្រុមគណបក្សចម្រុះធំមួយ​ទៀតគឺ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional ឬ PN) របស់អតីតនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) ឈ្នះបានអាសនៈមិនគ្រប់ចំនួន ១១២អាសនៈតែម្តង ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលឡើយ។

លោក អាន់វ៉ា អ៉ីប្រាហ៉ីម ដែលមានវ័យ៧៥ឆ្នាំ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៉ី នៅម៉ោង៥ល្ងាចនេះ (ម៉ោងក្នុងទីក្រុងគូឡាឡាំពួ) នៅឯព្រះរាជវាំង អ៉ីស្តាណា ណេហ្ការ៉ា (Istana Negara)។

* តើលោក អាន់វ៉ា អ៉ីប្រាហ៊ីម ជានរណា?
លោក អាន់វ៉ា អ៉ីប្រាហ៊ីម ឬមានឈ្មោះពេញថា អាន់វ៉ាន់ ប៊ីន អាប្រាហ៊ីម កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុង ឆឺរ៉ុក តុក (Cherok Tok) រដ្ឋពឺណាំង (Penang) អតីតសហភាពម៉ាឡេស៊ី ដែលបច្ចុប្បន្នជាប្រទេសម៉ាឡេស៊ី។ លោកបានចាប់ផ្ដើមអាជីពនយោបាយ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ នៅឯ សាកលវិទ្យាល័យ University of Malaya ក្នុងទីក្រុងគូឡាំពួរ ជាទីដែលលោកបានក្លាយជាមេដឹកនាំចលនានិស្សិតអ៉ីស្លាមដ៏ល្បីល្បាញម្នាក់។ នៅក្នុងឆ្នាំ១៩៧០ លោក អាន់វ៉ា បានបង្កើតចលនានិស្សិត Muslim Youth Movement of Malaysia ដោយលោកធ្វើជាប្រធានរហូតដល់ឆ្នាំ១៩៨២។

លោក អាន់វ៉ា ជាមេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី និងធ្លាប់ជាមនុស្សម្នាក់ដែលរិះគន់ឥតសំច្ចៃមាត់លើរដ្ឋាភិបាលដឹកនាំដោយគណបក្សអ៊ុមណូ (UMNO) របស់អតីតនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់។ ប៉ុន្តែ ទោះជាបែបនេះក្ដី លោក អាន់វ៉ាន់ ខ្លួនឯងបានទទួលយកការអញ្ជើញពីលោក មហាធៀ ឱ្យចូលរួមជាមួយ គណបក្ស UMNO នៅក្នុងឆ្នាំ១៩៨២។

ចាប់តាំងពីពេលនោះមក លោក អាន់វ៉ា បានកាន់តំណែងជាច្រើននៅក្នុងជួររដ្ឋាភិបាលលោក មហាធៀ ដូចជារដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា (ក្នុងឆ្នាំ១៩៨៣), រដ្ឋមន្ត្រីកសិកម្ម (ឆ្នាំ១៩៨៤) រដ្ឋមន្ត្រីក្រសួងអប់រំ (ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩១) ហើយតមកទៀត ទើបរូបលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ (ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៨) និងឧបនាយករដ្ឋមន្ត្រី (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨)។ តែភាពផ្អែមល្ហែមរវាងលោក អាន់វ៉ា និងលោក មហាធៀ ដែលធ្លាប់ជាគ្រូ របស់លោក អាន់វ៉ាផងនោះ បានដើរដល់ផ្លូវបំបែក នៅពេលមានវិបត្តិហិរញ្ញវត្ថុក្នុងតំបន់អាស៊ី នៅឆ្នាំ១៩៩៧ ដោយអ្នកទាំង២ បានទាស់ពាក្យសម្ដីនឹងគ្នាជុំវិញ វិធានការស្ដារសេដ្ឋកិច្ចជាតិ។

លោក អាន់វ៉ា ត្រូវបានបណ្ដេញចេញពីគណបក្ស UMNO នៅឆ្នាំ១៩៩៨ ហើយក្នុងឆ្នាំ១៩៩៩ លោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំពីបទពុករលួយ និងក្រោយមកត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៩ឆ្នាំ ពីបទរួមភេទជាមួយបុរសដូចគ្នា ដែលជាបទល្មើសព្រហ្មទណ្ឌមួយក្រោមច្បាប់ម៉ាឡេស៊ី បើទោះជាលោក បដិសេធចោលរាល់ការចោទប្រកាន់ក៏ដោយ។ នៅចុងឆ្នាំ២០០៤ មួយឆ្នាំ ក្រោយលោក មហាធៀ លាលែងចេញពីតំណែងជានាយកដ្ឋមន្ត្រី តុលាការកំពូលម៉ាឡេស៊ី បានលុបចោលសាលក្រមកាត់ទោសលោក អាន់វ៉ា ក្នុងសំណុំរឿងរួមភេទជាមួយបុរស និងដោះលែងរូបលោកចេញពីពន្ធនាគារ។ ប៉ុន្តែ លោក អាន់វ៉ា ត្រូវចេញចូលពន្ធនាគារដូចជាផ្ទះ ដោយមុនការបោះឆ្នោតនៅឆ្នាំ២០០៨ សំណុំរឿងរួមភេទជាមួយបុរសដូចគ្នាត្រូវបានគេសើរើប្រឆាំងនឹងរូបលោក សាជាថ្មី ហើយនៅឆ្នាំ២០១២ លោកត្រូវបានដោះលែងឱ្យមានសេរីភាព។ ជាថ្មីម្ដងទៀត នៅមុនការបោះឆ្នោតមួយនៅឆ្នាំ២០១៤ នៅក្នុងរដ្ឋសឺឡាន់ហ្គ័រ (Selangor) សាលាឧទ្ធរណ៍ម៉ាឡេស៊ី បានលុបចោលសាលក្រមសម្រេចដោះលែងលោក អាន់វ៉ាកាលពីឆ្នាំ២០១២ និងផ្ដន្ទាទោសរូបលោកដាក់ពន្ធនាគារ៥ឆ្នាំ។ ទោសនេះត្រូវបានអនុវត្តរហូតដល់ឆ្នាំ២០១៨ ពោលគឺ៥ថ្ងៃ ក្រោយលោក មាហាធៀ ស្នើសុំព្រះមហាក្សត្រលើកលែងទោសឱ្យលោក អាន់វ៉ា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំដដែល។

នៅឆ្នាំ២០១៨នោះដែរ លោក មហាធៀ បានសន្យាថានឹងប្រគល់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឱ្យលោក អាន់វ៉ា ប៉ុន្តែចុងក្រោយអ្នកដែលត្រូវឡើងកាន់ តំណែងជានាយករដ្ឋមន្ត្រីបែរជាលោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) ទៅវិញ។ យ៉ាងណាក៏ដោយ ក្ដីស្រមៃរាប់ទសវត្សរ៍របស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម ដែលចង់ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្រេចនៅថ្ងៃនេះ ហើយលោកនឹងត្រូវប្រឈមមុខនឹងបញ្ហាធំជាច្រើនដែលត្រូវដោះស្រាយ តួយ៉ាង ដូចជាសេដ្ឋកិច្ច និងនយោបាយដ៏ផុយស្រួលនៅក្នុងប្រទេស៕