(បែរឡាំង)៖ ពួកចោរមួយក្រុម បានចូលលួចកាក់មាសនៃអរិយធម៌សែលទិច (Celtic) ចំនួនរាប់រយកាក់ ដែលមានតម្លៃសរុបស្មើខ្ទង់ ១.៦ពាន់លានអឺរ៉ូ ឬ១.៦៧លានដុល្លារអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អំពើចោរកម្មខាងលើបានកើតឡើង កាលពីកណ្តាលយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅឯសារមន្ទីរក្នុងទីក្រុងម៉ានឈីង (Manching) នៃរដ្ឋបាវ៉ារៀ (Bavaria) ហើយប្រើពេលត្រឹមតែ៩នាទីប៉ុណ្ណោះ។ ប៉ូលិសអាល្លឺម៉ង់ បានសន្និដ្ឋានជាបឋមថា ក្រុមចោរប្រហែលបានបំផ្លាញ ប្រព័ន្ធប្រកាសអាសន្នរបស់សារមន្ទីរ ដ្បិតមុនពេលធ្វើសកម្មភាព បណ្តាញខ្សែអ៉ីនធើណិតនៅក្បែរនោះ ត្រូវបានកាត់ផ្តាច់ចោល។ នៅព្រឹកថ្ងៃបន្ទាប់ បុគ្គលិកសារមន្ទីរក៏បានប្រទះឃើញ បំណែកកញ្ចក់ដែលត្រូវបានវាយបំបែក ហើយកាក់មាសរាប់រយបាត់ចេញពី ទូតាំងរបស់ពួកវា។

កាក់មាសខាងលើត្រូវបានរកឃើញ កំលុងការធ្វើកំណាយបុរាណវិទ្យាមួយកាលពីឆ្នាំ១៩៩៩ នៅក្បែរទីក្រុងម៉ានឈីង ហើយត្រូវបានចាត់ទុកជា របកគំហើញធំជាងគេបង្អស់ នៃកាក់មាសអរិយធម៌សែលទិច ប្រចាំសតវត្សរ៍ទី២០។ រដ្ឋមន្រ្តីវិទ្យាសាស្រ្តនិងសិល្បៈ នៃរដ្ឋបាវ៉ារៀរបស់អាល្លឺម៉ង់ បាននិយាយថា កាក់មាសទាំងនោះ ជួយផ្តល់ការយល់ដឹងមួយចំណែកដល់ មនុស្សសម័យឥឡូវ អំពីការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនក្នុងតំបន់បាវ៉ារៀ កាលពីជាង២,០០០ឆ្នាំមុន។

គួរបញ្ជាក់ថា ប៉ូលិសអាល្លឺម៉ង់ កំពុងតែសិក្សាលើលទ្ធភាពថាតើ សកម្មភាពលួចកាក់មាសខាងលើ អាចពាក់ព័ន្ធជាមួយសកម្មភាព​លើកមុនៗដែរឬក៏អត់។ កាលពីឆ្នាំ២០១៧ កាក់មាសធំមួយទម្ងន់១០០គីឡូក្រាម ត្រូវបានលួចចេញពីសារមន្ទីរ ក្នុងរដ្ឋធានីបែរឡាំង ខណៈ២ឆ្នាំក្រោយមក ពួកចោរបានលួចគ្រឿងអលង្ការចំនួន២១គ្រឿង ព្រមទាំងវត្ថុមានតម្លៃទៀត ចេញពីសារមន្ទីរ Green Vault៕